មេគយកម្ពុជា បកស្រាយចម្ងល់ពលរដ្ឋជុំវិញការពហិការផលិតផលថៃ តែទំនិញថៃនៅតែមានការនាំចូលកម្ពុជា

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបកស្រាយចំពោះចម្ងល់ពលរដ្ឋ ទាក់ទងនឹងការហូរចូលទំនិញថៃមកកម្ពុជា ជាបន្តបន្ទាប់ បើទោះបីជាពលរដ្ឋកម្ពុជាកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ ​

ការលើកឡើងរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងវេទិកាគយកម្ពុជា លើកទី៣ ដែលរៀបចំដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង​ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោកបានពន្យល់ថា ការអនុញ្ញាតឱ្យទំនិញថៃបន្តនាំចូលមកកម្ពុជា គឺអគ្គនាយកដ្ឋានគយ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងនាមជាស្ថានប័នរបស់រដ្ឋ ដោយមិនធ្វើទៅតាមអារម្មណ៍​ដូចមតិលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកឡើយ​ ព្រោះកម្ពុជា គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកអាស៊ាន។

- Advertise -

​លោកបានគូសបញ្ជាក់ថា សម្រាប់ទំនិញដែលជាប់បំរាមមិនឱ្យនាំចូលដែលរដ្ឋាភិបាលកំណត់កាលពីពេលកន្លងមក អគ្គនាយកដ្ឋានគយ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យនាំចូលឡើយ។ ដោយឡែកទំនិញដែលមិនជាប់បម្រាម ​អាជីវករនៅតែអាចនាំចូលបាន។

លោកបានបញ្ជាក់ថា សម្រាប់ទំនិញអាចបន្តនាំចូលកម្ពុជាបានច្រើន ឬតិច គឺអាស្រ័យទៅលើអ្នកប្រើប្រាស់។ ប្រសិនបើអ្នកទិញ​មិនទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗ នោះអ្នក​លក់ក៏អាចនឹងកាត់បន្ថយការយកមកលក់ដែរ។

លោកបានលើកឡើងយ៉ាងដូច្នេះថា «អ្នកប្រើប្រាស់ ទិញឬមិនទិញ មិនមែនមានអនុក្រឹត្យ ឬប្រកាសណាបង្ខំឱ្យទិញ ឬមិនទិញនោះទេ។ ប៉ុន្តែនេះជាស្មារតី​ ជាមនសិការទេ អ៊ីចឹងហើយវាខុសគ្នា អំពីគោលការណ៍ ​ស្មារតី ​មនសិការ។ ពេលខ្លះអ្នកដែលមិនយល់មកដាក់បន្ទុក ឬស្តីបន្ទោស មានអ្នកខ្លះរហូតដល់ដាក់បណ្តាសារមន្រ្តីគយទៀត ថាហេតុអ្វីបានឱ្យទំនិញចូលមក?»។

សូមជម្រាបថា បន្ទាប់ពីកើតមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាលពីខែមិថុនា រដ្ឋាភិបាលបានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួនមកកម្ពុជា​។ ​ទំនិញ មានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាម នាំចូលមកកម្ពុជា​​ រួមមានបន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖

១៖ ប្រេងសាំង (Gasoline)
២៖ ប្រេងម៉ាស៊ូត (Diesel)
៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤៖ ប្រេងខ្មៅ (Fuel oil) និង
៥៖ ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុ នៃការហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតា៕

你可能还喜欢