ប្រតិភូអង្គភាពអប់រំខេត្តឈីងហៃ ដឹកនាំដោយអភិបាលរងខេត្ត បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន

ភ្នំពេញ៖ ប្រតិភូអង្គភាពអប់រំខេត្តឈីងហៃ ដឹកនាំដោយអភិបាលរងខេត្ត លោក យ៉ាងជីវែន (Yang Zhiwen) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យផងដែរ។

 

នៅក្នុងសិក្ខាសាលានេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងអំពីដំណើរវិវត្តនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងការរួមចំណែកយ៉ាងសំខាន់ចំពោះវិស័យអប់រំនៅកម្ពុជា។

- Advertise -

លោកអ្នកឧកញ៉ាបានពន្យល់ថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនដែលជាសាកលវិទ្យាល័យវិជ្ជាជីវៈអនុវត្តដំបូងគេនៅក្រៅប្រទេស ដែលសាងសង់ដោយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានអនុវត្តយ៉ាងមោះមុតលើលក្ខណៈពិសេស “ភាសាចិន+ជំនាញវិជ្ជាជីវៈ” ដើម្បីបណ្តុះបណ្តាលបណ្តាអ្នកជំនាញបច្ចេកទេសដែលមានគុណភាពខ្ពស់ជាច្រើនឱ្យកម្ពុជា ហើយបានក្លាយជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-ចិន។

លោកអ្នកឧកញ៉ាក៏បានប្តេជ្ញាចិត្តថា នឹងបង្កើតយន្តការសហប្រតិបត្តិការរយៈពេលវែងជាមួយខេត្តឈីងហៃ ដើម្បីជំរុញជាមួយគ្នាឱ្យគុណភាពអប់រំវិជ្ជាជីវៈនៅកម្ពុជាកាន់តែមានដំណើរការលឿនថែមទៀត។

លោក យ៉ាងជីវែន បានសរសើរសមិទ្ធផលរបស់សាកលវិទ្យាល័យ និងបានស្នើយោបល់ចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការ៖ ការសាងសង់រួមគ្នានូវគំរូបណ្តុះបណ្តាល “ភាសាចិន+ជំនាញវិជ្ជាជីវៈ” ពង្រីកផ្លូវការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងបង្កើតយន្តការផ្លាស់ប្តូរជាប្រចាំ។

លោក ហួរ សង់ហ្វៃ(Huo Xiongfei) ប្រធានសាកលវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេសឈីងហៃ ក៏បានសម្តែងឆន្ទៈក្នុងការកសាងប្រព័ន្ធសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនផងដែរ។

ដំណើរទស្សនកិច្ចនេះបានដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជ្រៅក្នុងវិស័យអប់រំវិជ្ជាជីវៈរវាងភាគីទាំងពីរ ដែលជួយជំរុញសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនឱ្យអភិវឌ្ឍបន្ថែមទៀតទៅជាសាកលវិទ្យាល័យកម្រិតខ្ពស់ ហើយល្បីល្បាញនៅក្នុងតំបន់នេះទៀតផង។ 

你可能还喜欢