សហព័ន្ធពិភពលោកនៃសមាគមចិនវៀតណាម កម្ពុជា និងឡាវ កោតសរសើរចំពោះសមិទ្ធផលរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា
ភ្នំពេញ៖ ប្រតិភូមកពីសហព័ន្ធពិភពលោកនៃសមាគមចិនវៀតណាម កម្ពុជា និងឡាវ បានមកទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានធ្វើការពិភាក្សាស៊ីជម្រៅលើប្រធានបទដូចជា រួមមានការអភិរក្ស និងបន្តអភិវឌ្ឍវប្បធម៌ចិន ការពង្រឹងកិច្ចសហប្រតិបត្តិការជាដើម។

លោក ជីវ ជីសុង (Zhou Zhisong) ប្រធានសហព័ន្ធពិភពលោកនៃសមាគមចិនវៀតណាម កម្ពុជា និងឡាវបានសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងមានបំណងចង់ស្វែងយល់ពីគ្នាឲ្យបានកាន់តែច្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក ចាង ជូបូ (Zhang Zuobo) និងលោក អ៊ី ជៀនឈៀង (Yu Jianqiang) ដែលជាប្រធានកិត្តិយសរបស់សហព័ន្ធពិភពលោក ក៏បានរំលឹកឡើងវិញនូវកិច្ចសហការជាមួយគ្នាដែលទទួលបានជោគជ័យនាពេលកន្លងមក និងបានសម្តែងការដឹងគុណចំពោះការគាំទ្រពីសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា និងការងាររបស់សមាគម ដោយសង្កត់ធ្ងន់ថា សមាគមតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការលើកកម្ពស់វប្បធម៌ចិន និងការអភិវឌ្ឍការអប់រំភាសាចិន។

លោកអ្នកឧកញ៉ាបានបន្តថា សមាគមមានយន្តការរៀបចំប្រកបដោយភាពច្នៃប្រឌិត ដូចជាប្រព័ន្ធប្តូរវេនប្រធាន “ចាស់ + យុវជន” និងលើកទឹកចិត្តយុវជនមានខ្សែស្រឡាយចិននៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មក្នុងការងាររបស់សមាគម។
គួរកត់សម្គាល់ថា ទស្សនកិច្ចលើកនេះ បានពង្រឹងបន្ថែមទំនាក់ទំនងរវាងភាគីទាំងពីរ និងបានដាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ៕(សិរី)

