អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវប្រគល់ជូនពលរដ្ឋភៀសសឹកជិត ៥០០គ្រួសារ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនជនភៀសសឹក ចំនួន ៤៩៦គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅវត្តចានស៊ី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកបានបន្តថា ក្រោយពីយោធាសៀម បានបេីកការបាញ់ប្រហារពីមកលេីដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់ស្លាប់ និង៣នាក់ បានរងរបួស កំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋភៀសសឹកមកពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានភៀសខ្លួនមកកាន់ទីសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំជូន។

- Advertise -

សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បងប្អូនជនភៀសសឹកដែលមកពីតំបន់ប្រឈមតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសភូមិព្រៃចាន់ មានចំនួន៤៩៦គ្រួសារ មនុស្សរាយ១៦៨៦នាក់/ស្រី ៨៨១នាក់ ក្នុងនោះកុមារ ៣៧៦នាក់ និងជនពិការ ១០នាក់៕

你可能还喜欢