រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិននឹងក្លាយជាសមិទ្ធផលសហប្រតិបត្តិការថ្មីនៃចំណងមិត្តភាពដែកថែប បន្ទាប់ពីបានបង្កើតឡើងនៅកម្ពុជា

ក្នុងកិច្ចជំនួបរវាងលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះបាននាំមកនូវដំណឹងដ៏រំភើបរីករាយមួយសម្រាប់ប្រជាជនកម្ពុជា ពោលគឺប្រទេសចិនប្រកាសគាំទ្រឱ្យមានការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជា។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាក្រោយពេលមានរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាអស់កង្វល់រឿងរកវ៉ាក់សាំង ពោលគឺកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅកម្ពុជាដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃតាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ ។

ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនជាអ្នកចែកចាយវ៉ាក់សាំងកូវីដ-១៩ច្រើនបំផុតចំពោះពិភពលោក មិនថាតាមរយៈយន្តការCOVAX ការផ្តល់ជំនួយផ្ទាល់ឬការបញ្ជាទិញក្តី ។ យើងឃើញថាប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរតែទាំងអស់សុទ្ធតែបានប្រើវ៉ាក់សាំងកូវីដ-១៩របស់ចិនសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសគឺប្រទេសកម្ពុជា រាប់តាំងពីការសម្រេចចិត្តយកប្រទេសចិនធ្វើជាបង្អែកផ្នែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាមក អត្រាចាក់វ៉ាក់សាំងរបស់កម្ពុជាមានរហូតដល់ទៅជិត ៨៩ ភាគរយដែលជាអត្រាខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ជាច្រើន ។

បច្ច័យសំខាន់មួយចំនួនជាកម្លាំងជំរុញឱ្យប្រទេសទាំងពីរចិននិងកម្ពុជាឈានដល់កិច្ចសហប្រតិបត្តិការផ្នែកផលិតវ៉ាក់សាំង ។ ទីមួយគឺការជឿទុកចិត្តនិងការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាចំពោះវ៉ាក់សាំងកូវីដ-១៩របស់ប្រទេសចិន ។ យើងអាចប្រមើលបានថា បន្ទាប់ពីវ៉ាក់សាំងកូវីដ-១៩របស់ចិនត្រូវបានផលិតឡើងនៅក្នុងប្រទេសកម្ពុជា មិនថាការទប់ស្កាត់វីរុសកូវីដ-១៩ដែលកំពុងឆ្លងរាលដាលឬវីរុសបំប្លែងថ្មីក្តី កម្ពុជានឹងអាចទទួលបានវ៉ាក់សាំងយ៉ាងទាន់ពេលវេលា និងបរិមាណគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។

ជាការកត់សម្គាល់ ប្រទេសទាំងពីរកម្ពុជានិងចិនគឺមានទស្សនៈសកលរួម និងនយោបាយការទូតប្រហាក់ប្រហែលគ្នា ពោលគឺជ្រោងទង់ពហុភាគីនិយម ។ អាស្រ័យហេតុនេះ តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីវ៉ាក់សាំងកូវីដ-១៩ត្រូវបានផលិតឡើងនៅប្រទេសកម្ពុជា ក្រៅអំពីការប្រើប្រាស់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាក៏អាចក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជូនប្រទេសដែលមានតម្រូវការផងដែរ នេះក៏ជាបច្ច័យដ៏សំខាន់មួយទៀតដែលជំរុញឱ្យប្រទេសទាំងពីរឈានដល់កិច្ចសហប្រតិបត្តិការផ្នែកផលិតវ៉ាក់សាំងផងដែរ ។

«មិត្តល្អជួយគ្នាក្នុងគ្រាអាសន្ន» នេះជាទស្សនវិជ្ជាមួយដែលថ្នាក់ដឹកនាំចិននិងកម្ពុជាតែងប្រតិបត្តិជានិច្ច ។ សុភាសិតចិនមួយឃ្លាបានពោលថា ៖ «បានអ្នកយល់ចិត្តគ្នាទោះពិសាស្រាជាមួយគ្នាមួយពាន់ពែងក៏យល់ថាតិច តែបើសម្តីមិនត្រូវគ្នាទោះជាកន្លះម៉ាត់ក៏ច្រើនដែរ» ។ ការពិតក្នុងប្រវត្តិសាស្ត្របានបង្ហាញថា ចិននិងកម្ពុជាជាអ្នកយល់ចិត្តគ្នាយ៉ាងពិតប្រាកដ មិនថាការប្រាស្រ័យទាក់ទងគ្នាកាលពីជាងពីរពាន់ឆ្នាំមុន ឬចាប់ពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នានោះទេ ប្រទេសទាំងពីរមានទំនុកចិត្តខ្ពស់ចំពោះគ្នា ពួតដៃគ្នាជម្នះឧបសគ្គ ដើរឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍរួម ដែលបានក្លាយជាគំរូមួយនៃកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសនិងប្រទេស ។

ចំណងមិត្តភាពរវាងប្រទេសទាំងពីរចិននិងកម្ពុជាបានឆ្លងកាត់ការពិសោធន៍នៃប្រវត្តិសាស្ត្រ ពោលគឺពេលវេលារឹតតែយូររឹតតែរឹងមាំ ។ មិនថាកង់ប្រវត្តិសាស្ត្ររំកិលទៅមុខប៉ុន្មានជុំទៀត មិនថាប្រឈមនឹងបញ្ហាបែបណា មិនថាមានបុគ្គលពុតត្បុតមកញុះញង់បំបែកបំបាក់យ៉ាងណាក្តី ក៏មិនអាចធ្វើឱ្យរង្គោះរង្គើទំនាក់ទំនងដ៏ស្អិតល្មួតបេះមិនចេញរវាងចិននិងកម្ពុជាដែរ ដូចការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសចិនដែលបានថ្លែងក្នុងសន្និសីទកាសែតថា ៖ »ចំណងមិត្តភាពរវាងចិននិងកម្ពុជារឹងជាងដែក មាំជាងដែកថែប!» ។

សរុបសេចក្តីមក យើងអាចជឿជាក់យ៉ាងមុតមាំថា ចំណងភាតរភាពរវាងចិននិងកម្ពុជាគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការឈានទៅរកការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻