Beijing 2022, ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចហើយ !

សល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡារដូវរងាលំដាប់ពិភពលោកគឺការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងសម្ពោធបើកយ៉ាងឱឡារិកនៅទីក្រុងប៉េកាំងដែលជាទីក្រុងមួយមានភាពស៊ីចង្វាក់គ្នាទាំងរចនាបថបុរាណនិងទាន់សម័យរបស់ប្រទេសចិន និងជាទីក្រុងតែមួយគត់លើពិភពលោកយើងនាពេលបច្ចុប្បន្នដែលបានធ្វើជាម្ចាស់ផ្ទះទាំងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនិងរដូវរងា ។

ពិតមែនតែប្រទេសចិនជាប្រទេសធំខាងវិស័យកីឡាក្តី ប៉ុន្តែកីឡារដូវរងាមិនមែនជាប្រភេទកីឡាប្រពៃណីរបស់ចិននោះទេ ព្រោះដោយសារតំបន់ជាច្រើននៅភាគខាងត្បូងរបស់ប្រទេសចិនពុំមានអាកាសធាតុធ្លាក់ព្រិលឡើយ ដូច្នេះប្រជាពលរដ្ឋមិនសូវពេញនិយមក្នុងការលេងកីឡារដូវរងាឬកីឡាព្រិលទឹកកកនោះទេ ឯកីឡាករដែលជំនាញខ្លាំងខាងវិញ្ញាសាកីឡាព្រិលទឹកកកក៏មិនសូវមានច្រើនដូចកីឡារដូវក្តៅនោះដែរ ។

អាស្រ័យហេតុនេះ ពេលស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវទិសដៅមួយ ឬក៏អាចនិយាយបានថាជាកិច្ចសន្យាមួយរបស់ប្រទេសចិន ពោលគឺឆ្លងតាមរយៈការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា ប្រទេសចិននឹងជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិន ៣ រយលាននាក់ចូលរួមលេងកីឡាព្រិលទឹកកក ។

ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៥  បន្ទាប់ពីលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថាទីក្រុងប៉េកាំងជាប់ឆ្នោតជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ២៤ ឆ្នាំ ២០២២ គេសង្កេតឃើញថានៅទូទាំងប្រទេសចិន ជាពិសេសគឺក្រុងប៉េកាំងនិងក្រុងចាងជាខូវដែលសហការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាបានឈានចូលដំណាក់កាលត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតយ៉ាងដុតដៃដុតជើងដោយឈរលើមូលដ្ឋាននៃទស្សនៈរៀបចំការប្រកួតបែប«បៃតង , ចែករំលែក , បើកទូលាយ , ស្អាតស្អំ» ។

ស្របតាមពាក្យស្លោក«ឆ្ពោះទៅអនាគតជាមួយគ្នា» ប្រទេសចិនបានត្រៀមរៀបចំការប្រកួតដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ។ បច្ចុប្បន្ន ពិតមែនតែពិភពលោកនៅតែស្ថិតក្រោមស្រមោលខ្មៅនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែប្រទេសចិនបានសម្រេចនូវទិសដៅរបស់ខ្លួន ពោលគឺក្នុងរយៈពេលជាង ៦ ឆ្នាំនៃការត្រៀមរៀបចំការប្រកួត មានប្រជាជនចិនជាង ៣ រយលាននាក់បានចូលរួមលេងកីឡាព្រិលទឹកកក ។ ចំណែកឯការងារគ្រប់ផ្នែកបានដំណើរការយ៉ាងរលូន គ្រប់កីឡដ្ឋានស្តង់ដាលំដាប់អន្តរជាតិទាំងអស់បានត្រៀមខ្លួនរួចស្រេចនិងកំពុងទន្ទឹងរង់ចាំវត្តមានរបស់គណៈប្រតិភូកីឡានិងទស្សនិកជនដើម្បីរួមគ្នាសម្រេចក្តីសុបិនអូឡាំពិកនៅលើទឹកដីដ៏បុរមបុរាណនេះ ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺគ្រប់កីឡដ្ឋានសម្រាប់រៀបចំការប្រកួតលើកនេះសុទ្ធតែប្រើប្រាស់អគ្គិសនីដើរដោយថាមពលខ្យល់ដែលជាថាមពលបៃតង១០០% នេះជាកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃកីឡាអូឡាំពិក ។ ម៉្យាងវិញទៀត បរិក្ខារជាច្រើនសម្រាប់រៀបចំការប្រកួតក្នុងកីឡដ្ឋានទាំងអស់នឹងត្រូវរក្សាទុកជាអចិន្ត្រៃយ៍សម្រាប់ការហ្វឹកហាត់របស់កីឡាករនិងជារមណីយដ្ឋានសម្រាប់មហាជនទៅលេងកម្សាន្តកីឡាព្រិលទឹកកក នេះក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិករដូវរងាផងដែរ ។

ពិតមែនតែក្នុងដំណើរត្រៀមរៀបចំព្រឹត្តិការណ៍អូឡាំពិករបស់ប្រទេសចិនត្រូវបានអ្នកនយោបាយមួយចំនួនរបស់បស្ចិមប្រទេសធ្វើពហិការខាងការទូតឬរកលេសគ្រប់បែបយ៉ាងក្នុងចេតនាបង្កការរំខានក្តី ប៉ុន្តែសំឡេងសច្ចធម៌ដ៏ច្រើនលើសលប់ដែលប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មកីឡា និងគាំទ្រការគាំពារភាពបរិសុទ្ធនៃកីឡានិងស្មារតីអូឡាំពិកបានបន្លឺឡើងពាសពេញពិភពលោក ។

ជាក់ស្តែង ថ្នាក់ដឹកនាំនិងប្រធានគណៈកម្មាធិការអូឡាំពិកនៃប្រទេសជាច្រើនសុទ្ធតែបានរំពឹងទុកថាស្មារតីអូឡាំពិកនឹងជួយជំរុញប្រជាជននៃប្រទេសនានាឱ្យកាន់តែមានសាមគ្គីភាពតាមរយៈការចូលរួមជាមួយកីឡាអូឡាំពិក ស្របតាមបាវចនាថ្មីនៃកីឡាអូឡាំពិកគឺ «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង—កាន់តែសាមគ្គី» ។ ជាពិសេស ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់នឹងយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដើម្បីបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជាចំពោះមហាមិត្តចិនដែលជាមិត្តដែកថែបនិងស្មារតីអូឡាំពិក ។

ដោយឡែក ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីប៉ុន្មានថ្ងៃមុន លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានលើកឡើងថា ការងារតៀមគ្រប់ផ្នែកសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០២២ បានដំណើរការយ៉ាងរលូន វិធានការបង្ការជំងឺឆ្លងមានប្រសិទ្ធភាពខ្ពស់ ទស្សនៈរៀបចំការប្រកួតតាមបែបនិរន្តរភាពគួរឱ្យកោតស្ញប់ស្ញែង ។ លោកក៏បានសម្តែងការកោតសរសើរខ្ពស់ចំពោះប្រសិទ្ធភាពការងារ ការតាំងចិត្តនិងភាពក្លៀវក្លារបស់ប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះលើកនេះផងដែរ ។

ការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ ២០០៨ បានបិទបញ្ចប់ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះប្រជាជនចិននិងប្រជាជនលើពិភពលោករហូតមកទល់បច្ចុប្បន្ន ។ ជឿជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងាក៏នឹងនាំមកនូវទស្សនីយភាពដ៏ប្លែកអស្ចារ្យជូនពិភពលោកផងដែរ ។ យ៉ាងណាមិញ មិនថាជាម្ចាស់ផ្ទះឬក៏ជាអ្នកចូលរួមព្រឹត្តិការណ៍អូឡាំពិកនោះទេ គោលដៅចម្បងមិនមែនស្ថិតត្រង់តែការល្បងសមត្ថភាពគ្នាយកចាញ់ឈ្នះនោះទេ ពោលគឺការលើកស្ទួយស្មារតីអូឡាំពិកនិងការទទួលបាននូវការបំផុសគំនិតពីស្មារតីអូឡាំពិកទើបជារឿងដែលកាន់តែមានន័យ ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា «បើធៀបទៅនឹងចំនួនមេដាយ ខ្ញុំកាន់តែយកចិត្តទុកដាក់លើការដែលការប្រកួតកីឡាអូឡាំពិករដូវរងាបានបញ្ចូលកម្លាំងចលករនិងភាពរស់រវើកដល់ប្រទេសចិន» ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះត្រូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អាស្រ័យហេតុនេះ ក្រៅពីការចូលរួមការប្រកួត គណៈប្រតិភូកីឡានៃបណ្តាប្រទេសនានាក៏អាចដកបទពិសោធន៍ពីអរិយធម៌និងវប្បធម៌ចិនដ៏ល្អផូរផង់ដែលមានអាយុកាលជាង ៥០០០ ឆ្នាំផងដែរ ។ វប្បធម៌គឺជាចំណងគ្មានស្រមោលដ៏សក្តិសិទ្ធិក្នុងការតភ្ជាប់និងរឹតបន្តឹងមិត្តភាពរវាងមនុស្សដែលមានជាតិសាសន៍ទីទៃគ្នា ពិសេសក្នុងបរិបទជំងឺកូវីដ-១៩ វប្បធម៌កីឡាអូឡាំពិកនឹងដើរតួនាទីជំរុញសាមគ្គីភាពនិងភាតរភាពរវាងអត្តពិលនិងប្រជាជននៃបណ្តាប្រទេស ដើម្បីរួមគ្នាយកឈ្នះលើជំងឺឆ្លង ឆ្ពោះទៅអនាគតជាមួយគ្នា ឆ្ពោះទៅរកការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

 

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻