កំណើននៃប្រភេទផ្លែឈើស្រស់កម្ពុជានាំចេញទៅចិនជាការរំលេចពីឧត្តមភាពនិងប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

វិស័យកសិកម្មជាសសរស្តម្ភមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ការនាំចេញកសិផល ជាពិសេសប្រភេទផ្លែឈើស្រស់បានក្លាយជាគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ប្រទេសចិនជាប្រទេសកសិកម្មដ៏ធំមួយដែលមានអរិយធម៌កសិកម្មជាង ៥ ពាន់ឆ្នាំ អាស្រ័យហេតុនេះ ប្រជាជនចិនបានខិតខំធ្វើការច្នៃប្រឌិតថ្មីលើវិស័យកសិកម្មជាប់រហូតដើម្បីបានទិន្នផលស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងធានាការពារសន្តិសុខស្បៀងរបស់ប្រទេសជាតិ ។ ស្របនឹងការវិវឌ្ឍរីកចម្រើននៃបច្ចេកទេសកសិកម្ម ប្រទេសចិនបានចាត់បញ្ចូនអ្នកជំនាញផ្នែកកសិកម្មជាច្រើនរូបទៅជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងនោះបូករួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការជំរុញឱ្យដំណាំកសិកម្មកម្ពុជាប្រមូលបានផលច្រើននិងស្របតាមស្តង់ដាទីផ្សារអន្តរជាតិ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសកាលពីឆ្នាំ ២០២១ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជានិងចិនមានភាពវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអំពីប្រទេសចិនបញ្ជាទិញអង្ករកម្ពុជាចំនួន ៤០ ម៉ឺនតោនក្នុងរយៈពេល ១៧ ខែ គិតចាប់ពីខែធ្នូឆ្នាំ ២០២១ តទៅ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី«ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យនិងសុវត្ថិភាពចំណីអាហារ»រវាងចិននិងកម្ពុជាជាដើម ។

បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជាបានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនក្នុងរយៈពេល ៣ ឆ្នាំ ៦ ខែ គិតចាប់ពីឆ្នាំ ២០១៩ រហូតដល់ ៦ ខែដើមឆ្នាំ ២០២២ នេះ សម្រេចបានទំហំជាង ២,៤ លានតោនដែលក្នុងនោះមានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន ២៤ មុខផ្សេងទៀតដែលមានតម្លៃសរុប ១.៩៤២ លានដុល្លារអាមេរិក ។

​ ជាក់ស្តែង នៅមុនពេលកើតមានវិបត្តិកូវីដ-១៩ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសគឺការរកបានទីផ្សារចិនដែលជាទីផ្សារដ៏ធំប្រកបដោយសក្តានុពលសម្រាប់ការនាំចេញកសិផលខ្មែរ ដោយក្នុងនោះ ប្រភេទផលិតផលកសិកម្មខ្មែរកាន់តែច្រើនឡើងៗបានបង្ហាញវត្តមានក្នុងទីផ្សារប្រទេសចិន ។

អ្វីដែលគួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុងបរិបទកូវីដក្តី ក៏ផ្លែឈើស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញផ្ទាល់ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ ជាក់ស្តែងដូចជាកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ០៥ របស់កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលជាសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យកសិកម្មរវាងកម្ពុជានិងចិនបន្ទាប់ពីការនាំចេញផ្លែចេកស្រស់របស់កម្ពុជាទៅចិន ។

ប៉ុន្តែការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាក្នុងបរិបទកូវីដក៏ជួបបញ្ហាមួយចំនួនផលដែរ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជាឱ្យដឹងថា នៅ ៥ ខែដើមឆ្នាំ ២០២២ នេះ ការនាំចេញកសិផលស្រស់មួយចំនួនរបស់កម្ពុជាទៅកា​ន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារប្រទេសចិនដែលជាទីផ្សារធំរបស់កម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បណ្តាលមកពីកត្តាមួយចំនួនដូចជាការរឹតបន្តឹងការត្រួតពិនិត្យទំនិញដើម្បីទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ជាដើម ។

យ៉ាងណាមិញ ជាសមិទ្ធផលថ្មីក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ថ្មីៗកន្លងទៅនេះ ការវាយតម្លៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយទទួលបានលទ្ធផលវិជ្ជមានដែលអាចនឹងនាំចេញក្នុងរដូវប្រមូលផលខាងមុខនេះ ពោលគឺក្នុងអំឡុងខែសីហា ឬខែកញ្ញា នេះបើតាមការឱ្យដឹងពីលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មកម្ពុជា ។

ក្រៅពីនេះ កសិផលខ្មែរមួយចំនួនទៀតក៏កំពុងស្ថិតក្នុងការចរចាដើម្បីនាំចេញផ្ទាល់ទៅកាន់ទីផ្សាររបស់ប្រទេសចិនផងដែរ ជឿជាក់ថានឹងទទួលបានការអនុម័តនិងទទួលស្គាល់ពីរដ្ឋាភិបាលចិនជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យប្រជាជនចិនកាន់តែច្រើនឡើងៗបានស្គាល់និងភ្លក់រសជាតិកសិផលស្រស់របស់កម្ពុជា ។

ស្ថិតក្រោមការជំរុញនៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏ដូចជាចំណងមិត្តភាពដែកថែប បច្ចុប្បន្ន រដ្ឋាភិបាលចិនបាននិងកំពុងសិក្សាលើលទ្ធភាពពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសកម្ពុជា ដោយក្នុងនោះវិស័យកសិកម្មក៏ជាវិស័យអាទិភាពមួយផងដែរ ។ អាស្រ័យហេតុនេះ យើងអាចជឿជាក់បានថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរចិននិងកម្ពុជា ទីបំផុតពិតជានឹងអាចជម្នះឧបសគ្គនានាដែលបង្កផលប៉ះពាល់ដល់ការនាំចេញនាំចូលអន្តរជាតិដូចជាវិបត្តិជំងឺកូវីដ-១៩ជាដើម ដល់ពេលនោះ ក្នុងទីផ្សារដ៏ធំនិងប្រកបដោយសក្តានុពលរបស់ប្រទេសចិនមុខជានឹងបន្ថែមវត្តមានរបស់ផលិតផលខ្មែរជាពិសេសគឺផលិតផលកសិកម្មកាន់តែច្រើនឡើងៗជាមិនខាន ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。

/>