តើវេជ្ជសាស្ត្រនិងឱសថបុរាណចិនបានដើរតួនាទីអ្វីខ្លះចំពោះការអភិវឌ្ឍនៃវិស័យវេជ្ជសាស្ត្ររបស់ពិភពលោក ?

ប្រទេសចិនដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំ ក្រៅពីបានបន្សល់ទុកនូវអរិយធម៌និងវប្បធម៌ដ៏ល្អផូរផង់ ក៏បានបន្សល់ទុកនូវមរតកដ៏មានតម្លៃជាច្រើនដែលមានប្រយោជន៍ចំពោះមនុស្សជាតិមកទល់បច្ចុប្បន្ន តួយ៉ាងដួចជាវេជ្ជសាស្ត្រនិងឱសថបុរាណចិន ។

នៅសម័យបុរាណ ទាំងវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រនៅមានភាពអន់ថយខ្លាំង ការព្យាបាលជំងឺគ្មានឧបករណ៍និងបរិក្ខារទំនើបជឿនលឿនដូចបច្ចុប្បន្នទេ ពោលគឺត្រូវពឹងអាស្រ័យទៅលើរុក្ខជាតិឱសថនិងជំនាញរបស់គ្រូពេទ្យ ។ នៅសម័យដំបូងនៃប្រទេសចិន មានអធិរាជពីរអង្គព្រះនាម យាន និង ហួង ដែលត្រូវប្រជាជនចិនចាត់ទុកជាបុព្វបុរសរបស់ខ្លួន ។ អធិរាជ យាន ដែលត្រូវបានប្រជាជនចិនប្រសិទ្ធនាមថា «សិនណុង» ដែលមានន័យថា «អាទិទេពកសិកម្ម» បានភ្លក់រុក្ខជាតិគ្រប់ប្រភេទ ដែលរកឃើញប្រភេទគ្រាប់ធញ្ញជាតិសម្រាប់ធ្វើជាអាហារ និងរុក្ខជាតិសម្រាប់ធ្វើឱសថ នេះជាដើមកំណើតនៃវិស័យកសិកម្មចិននិងពិភពលោក ហើយក៏ជាដើមប្រភពនៃរុក្ខជាតិឱសថចិននិងពិភពលោកផងដែរ ។

នៅសម័យរជ្ជកាល«សុងខាងជើង»កាលពីជាងមួយពាន់ឆ្នាំមុន មន្ត្រីម្នាក់ឈ្មោះ សុង ឆឺ ជាអ្នកឯកទេសខាងធ្វើកោសល្យវិច័យសព បាននិពន្ធនូវស្នាដៃសៀវភៅចំណងជើងថា«កំណត់ត្រាស្តីពីការលាងជម្រះភាពអយុត្តិធម៌» ដែលជាស្នាដៃសៀវភៅវេជ្ជសាស្ត្រខាងពេទ្យកោសល្យវិច័យដំបូងបង្អស់លើពិភពលោក ។ ជាង ៣ រយឆ្នាំក្រោយមក ទើបមានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជនជាតិអ៊ីតាលីឈ្មោះ Fedeli បាននិពន្ធសៀវភៅវេជ្ជសាស្ត្រខាងពេទ្យកោសល្យវិច័យដែលជាស្នាដៃនិពន្ធដំបូងបង្អស់របស់បស្ចិមប្រទេស ។

នៅសម័យរជ្ជកាល«ម៉េង»កាលពីជិត ៥ រយឆ្នាំមុន លោក លី ស៊ឺចិន អ្នកជំនាញវេជ្ជសាស្ត្រនិងឱសថចិនបុរាណបាននិពន្ធសៀវភៅវេជ្ជសាស្ត្រចំណងជើងថា «Compendium of Materia Medica» ដែលបានបកស្រាយយ៉ាងលម្អិតអំពីរុក្ខជាតិឱសថនិងវត្ថុធាតុដើមផ្សេងៗសម្រាប់ផ្សំធ្វើឱសថ ។ សៀវភៅនេះបានក្លាយជាឯកសារយោងដែលមិនអាចខ្វះបានសម្រាប់ការសិក្សាស្រាវជ្រាវអំពីវេជ្ជសាស្ត្រនិងឱសថបុរាណចិន ។

តាមរយៈការលើកឡើងខាងលើ យើងមិនពិបាកមើលឃើញទេថា វេជ្ជសាស្ត្រនិងឱសថចិនបុរាណបានវិវឌ្ឍតាមយុគសម័យ និងបានត្រូវធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់ ។ វេជ្ជសាស្ត្រនិងឱសថបុរាណចិនមានប្រវត្តិសាស្ត្រតាំងពីយុគដំបូងរបស់ចិនមកម៉្លេះ ពោលគឺមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលមិនត្រឹមតែបានកែប្រែជីវភាពរស់នៅរបស់ប្រជាជនចិននាយុគដំបូង ដោយមានថ្នាំព្យាបាលនៅពេលមានជំងឺឈឺថ្កាត់ដែលអាចជួយពន្យារអាយុកាលរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកមិនអាចកាត់ថ្លៃបានចំពោះការវិវឌ្ឍរីកចម្រើននៃវិស័យសុខាភិបាលពិភពលោក ក៏ដូចជាបានសង្គ្រោះអាយុជីវិតរបស់មនុស្សរាប់មិនអស់ក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះ ។

ស្របនឹងការធ្វើសកលភាវូបនីយកម្ម វេជ្ជសាស្ត្រនិងឱសថបុរាណចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងវិស័យគាំពារសុខភាពសារធារណៈ ។ ជាពិសេស ក្នុងបរិបទដែលមានការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ គេសង្កេតឃើញថាមិនថានៅប្រទេសចិនឬប្រទេសដែលនិយមប្រើឱសថបុរាណចិននោះទេ វេជ្ជសាស្ត្រនិងឱសថបុរាណចិនបានរួមចំណែកយ៉ាងខ្លាំងសម្រាប់ការផលិតឱសថព្យាបាលជំងឺកូវីដ-១៩ ដែលបានជួយឱ្យអ្នកជំងឺរាប់មិនអស់រួចផុតពីក្រញ៉ាំមច្ចុរាជ ។

វេជ្ជសាស្ត្រនិងឱសថបុរាណចិនមិនត្រឹមតែផ្តោតសំខាន់លើការព្យាបាលជំងឺនោះទេ ក៏ផ្តោតសំខាន់លើការថែទាំសុខភាពប្រចាំថ្ងៃផងដែរ ពិសេសសម្រាប់អ្នកជំងឺរ៉ាំរ៉ៃឬអ្នកជំងឺដែលមិនត្រូវការការវះកាត់ ។ ពីព្រោះឱសថបុរាណចិនភាគច្រើនផ្សំឡើងពីរុក្ខជាតិឱសថ ហេតុនេះ ការប្រើឱសថបុរាណចិននឹងទទួលបានប្រសិទ្ធភាពយូរនិងមិនសូវប៉ះពាល់ដល់សុខភាព ។

ដោយសារមើលឃើញពីតួនាទីដ៏សំខាន់នៃវេជ្ជសាស្ត្រនិងឱសថបុរាណចិន ហើយប្រទេសចិនក៏រីករាយក្នុងការចែករំលែកនូវបទពិសោធរបស់ខ្លួនជាមួយបណ្តាប្រទេសនានាលើពិភពលោកផងដែរនេះ សមាគមវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងឱសថបុរាណចិនបានផ្តួចផ្តើមឱ្យមានការរៀបចំសមាជពិភពលោកស្តីពីវេជ្ជសាស្ត្រនិងឱសថបុរាណចិនជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសកលនៃវេជ្ជសាស្ត្រនិងឱសថបុរាណចិន បង្កើនការយល់ដឹងពីគ្នារវាងសមាគមវេជ្ជសាស្ត្រនិងឱសថបុរាណចិននៃប្រទេសនិងតំបន់នានាលើពិភពលោក លើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាលជំងឺដោយវេជ្ជសាស្ត្រនិងឱសថបុរាណចិន ពិសេសជំរុញឱ្យវេជ្ជសាស្ត្រនិងឱសថបុរាណចិនរួមបញ្ចូលជាមួយប្រព័ន្ធសុខាភិបាលនៃប្រទេសនានា ។

កម្ពុជាក៏ជាប្រទេសសម្បូរដោយរុក្ខជាតិឱសថដែរ មិនថាកាលពីសម័យមុនឬសម័យបច្ចុប្បន្ន ឱសថបុរាណខ្មែរបានដើរតួនាទីមិនអាចខ្វះបានក្នុងវិស័យសុខាភិបាលជាតិ ពោលគឺមានប្រជាពលរដ្ឋជាច្រើននិយមប្រើឱសថបុរាណខ្មែរ ។ មិនថាឱសថបុរាណចិនឬឱសថបុរាណខ្មែរ សុទ្ធតែមានឧត្តមភាពរៀងៗខ្លួនដែលអាចធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ដើម្បីអភិរក្ស បន្តរេននិងអភិវឌ្ឍវេជ្ជសាស្ត្រនិងឱសថប្រពៃណីឱ្យបានគង់វង្សនិងរីកចម្រើនជានិរន្តរ៍ ។

ជារួម វេជ្ជសាស្ត្រនិងឱសថបុរាណចិនបានវិវឌ្ឍរីកចម្រើនទៅតាមយុគសម័យ និងធ្វើទំនើបកម្មជាបន្តបន្ទាប់ អាស្រ័យហេតុនេះ មរតកបុព្វបុរសដ៏អស្ចារ្យនេះមិនត្រឹមតែមិនហួសសម័យនោះទេ ផ្ទុយទៅវិញគឺបាននាំមកនូវអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានក្នុងវិស័យគាំពារសុខភាពសាធារណៈរបស់ចិននិងពិភពលោកដែលបានសង្គ្រោះអាយុជីវិតរាប់មិនអស់ទោះក្នុងសម័យកាលណាមួយក្តី ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻