អរិយធម៌មិនត្រូវបែងចែកឋានៈខ្ពស់ទាបឬល្អអាក្រក់ឡើយ

ចាប់តាំងអំពីមនុស្សយើងចេះដឹងនិងចេះគិតមក ក៏បានបង្កើតជាក្រុមគ្រួសារនិងកុលសម្ព័ន្ធ លុះចំណេរតមកក៏បង្កើតជាទំនៀមទម្លាប់និងរបៀបរបបរស់នៅតាមបែបខុសៗគ្នា ហើយពិសេសគឺបង្កើតបាននូវអរិយធម៌ វប្បធម៌និងភាសាតាមប្លុករស់នៅរៀងៗខ្លួន ។

ក្នុងន័យនេះ មិនថាប្រទេសដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំឬរាប់រយឆ្នាំនោះទេ គឺសុទ្ធតែមានអរិយធម៌ដែលបង្ហាញពីអត្តសញ្ញាណជាតិរៀងៗខ្លួន បើទោះបីជាប្រទេសដែលបានបំបែកខ្លួនពីគ្នាក្តី ក៏រមែងតែមានភាពខុសប្លែកគ្នាខ្លះៗផងដែរ តួយ៉ាងដូចជាប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីជាដើម ។

ដោយសារតែមានអរិយធម៌ខុសៗគ្នាតាមជាតិសាសន៍នីមួយៗ ដូច្នេះទើបបានធ្វើឱ្យពិភពលោកយើងមានភាពចម្រុះបែប តែទន្ទឹមនឹងនេះក៏បាននាំមកនូវភាពមិនចុះចម្រុងមួយចំនួនខាងអរិយធម៌ផងដែរ ដែលសឹងតែកើតមានការរើសអើងខាងពូជសាសន៍និងការប្រទូសរ៉ាយខាងសាសនាទៀតផង ។

ដោយមើលឃើញពីភាពបែកខ្ញែកនៃពិភពលោកនិងការកើនឡើងនៃភាពមិនចុះសម្រុងគ្នាឬសឹងតែឈានដល់ការប៉ះទង្គិចគ្នារវាងអរិយធម៌មួយចំនួន ដែលតម្រូវឱ្យមានយន្តការឬគំនិតផ្តួចផ្តើមជាលក្ខណៈសកលដើម្បីដើរតួនាទីសម្រុះសម្រួល ផ្សះផ្សា និងប្រមូលផ្តុំគំនិតឯកភាពរួម ទើបបានជាលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលដើម្បីរួមចំណែកជាផែនការ ពុទ្ធិ និងកម្លាំងចិនក្នុងន័យជំរុញការសន្ទនារវាងអរិយធម៌ទីទៃគ្នា បញ្ចៀសការប៉ះទង្គិច ហើយចុងក្រោយបំផុតឈានដល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា អរិយធម៌នៃប្រទេសនីមួយៗមានលក្ខណៈពិសេសនិងឧត្តមភាពរៀងៗខ្លួន យើងមិនអាចតម្កល់អរិយធម៌របស់ខ្លួនលើអរិយធម៌របស់អ្នកដទៃនោះទេ ពោលគឺអរិយធម៌មិនត្រូវបែងចែកឋានៈខ្ពស់ទាបឬល្អអាក្រក់ឡើយ ដូចពាក្យចិនពោលថា «ផ្ការីកតែមួយទងមិនអាចចាត់ទុកថាជារដូវផ្ការីកទេ ផ្ការីករាប់រយរាប់ពាន់ទងទើបជារដូវផ្ការីក» ដែលមានន័យថាអ្វីៗគ្រប់យ៉ាងគួរលម្អគ្នាទៅវិញទៅមក ប្រសិនជាមានផ្ការីកតែមួយទងឬផ្កាទាំងអស់សុទ្ធតែមានសណ្ឋានតែមួយនិងមានតែមួយពណ៌គត់ នោះវាគ្មានភាពទាក់ទាញទេ លុះត្រាតែវាមានពណ៌ចម្រុះនិងសណ្ឋានខុសៗគ្នាទើបអាចរំលេចពីភាពស្រស់ស្អាតនិងលក្ខណៈពិសេសរៀងៗខ្លួន ។

យ៉ាងណាមិញ ដោយសារតែមានអរិយធម៌ដែលមានភាពខុសប្លែកគ្នា ទើបបានញ៉ាំងឱ្យពិភពលោកមានភាពចម្រុះបែប ។ មិនថាអរិយធម៌លោកខាងលិចឬលោកខាងកើត សុទ្ធតែជាកេរដំណែលដ៏វិសេសវិសាលដែលបុព្វបុរសបានបន្សល់ទុកមក ដែលជាអត្តសញ្ញាណនៃជាតិសាសន៍នីមួយៗ ។ អាស្រ័យហេតុនេះ ការលើកតម្កើងអរិយធម៌និងវប្បធម៌របស់ប្រទេសជាតិខ្លួនវាជារឿងត្រឹមត្រូវ តែមិនត្រូវចាត់ទុកអរិយធម៌របស់ខ្លួនជាធំលើសគេហើយរើសអើង ស្អប់ខ្ពើមអរិយធម៌នៃជាតិសាសន៍ដទៃនោះឡើយ ។ មានតែការគោរពអរិយធម៌គ្នាទៅវិញទៅមក ទើបយើងអាចរៀនសូត្រពីភាពល្អផូរផង់នៃអរិយធម៌រៀងៗគ្នា ដើម្បីឱ្យអរិយធម៌គ្រប់ជាតិសាសន៍មានភាពចុះសម្រុងនិងរួមរស់នៅដោយសុខដុមរមនា ។

កន្លងមក បញ្ហារើសអើងពូជសាសន៍បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមមនុស្សជាតិ ។ ជនជាតិស្បែកសមួយចំនួនតែងចាត់ទុកខ្លួនមាន«ឋានៈ»ខ្ពស់ជាងជនជាតិស្បែកខ្មៅ ដែលនាំឱ្យកើតចេញជាការស្អប់ខ្ពើមនិងការចងគំនុំខាងពូជសាសន៍ បង្កឱ្យកើតមានការប្រទូសរ៉ាយរហូតដល់បណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសយ៉ាងច្រើន ។ ផ្នត់គំនិតបែបនេះបានចាក់ស្រែះក្នុងសង្គមនៃប្រទេសមួយចំនួន វាជាហានិភ័យលាក់កំបាំងដែលអាចនឹងផ្ទុះបញ្ហាធ្ងន់ធ្ងរគ្រប់ពេល ។

សម្តេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់លើកឡើងថា «សុខដុមនីយកម្មសាសនាជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋ» ។ ជាការពិតណាស់ ទាំងអតីតកាលនិងបច្ចុប្បន្នកាល បញ្ហាអស្ថិរភាពនិងអសន្តិសុខសង្គមបានកើតឡើងដោយសារជម្លោះសាសនានៅប្រទេសមួយចំនួន ដែលតម្រូវឱ្យធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការយោគយល់និងបរិយាបន្នផ្នែកអរិយធម៌ដែលបូកបញ្ចូលទាំងជាតិសាសន៍និងសាសនាផងដែរ ។ ប្រសិនបើការរើសអើងនិងការចងគំនុំនៅតែបន្តស្ថិតមាន នោះអាចនឹងបណ្តាលឱ្យកើតមានបញ្ហាធ្ងន់ធ្ងរដែលបាត់ការគ្រប់គ្រងនៅថ្ងៃណាមួយជាមិនខាន ។

ពិភពលោកយើងមានជាង ២០០ ប្រទេសនិងតំបន់ សរុបជាង ២៥០០ ជនជាតិនិងមានសាសនាច្រើន ។ កត្តាប្រវត្តិសាស្ត្រនិងលក្ខខណ្ឌប្រទេសមិនដូចគ្នា ជាតិសាសន៍និងទំនៀមទម្លាប់ទីទៃគ្នា បានបង្កើតជាអរិយធម៌ខុសៗគ្នា ។ មានតែប្រកាន់ខ្ជាប់នូវទស្សនៈអរិយធម៌ដែលប្រកបដោយសមភាព រៀនសូត្រពីគ្នា សន្ទនា សហប្រតិបត្តិការនិងបរិយាបន្ន ទើបអាចធ្វើឱ្យអរិយធម៌មានភាពចម្រុះបែបនិងឈានដល់ការធ្វើសុខដុមនីយកម្មជនជាតិនិងសាសនាដែលជាកត្តាដ៏សំខាន់សម្រាប់ការរក្សាស្ថិរភាពនិងសន្តិភាពនៃប្រទេសជាតិតំបន់និងពិភពលោក ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻