សករាជថ្មីនៃចំណងមិត្តភាពកម្ពុជា-ចិន

ក្នុងឱកាសខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសកម្ពុជានិងចិន ប្រទេសកម្ពុជាបានឈានចូលរបត់នយោបាយថ្មីដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ។ យ៉ាងណាមិញ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីនៅកម្ពុជាក្តី ក៏ប៉ុន្តែចំណងមិត្តភាពរវាងកម្ពុជានិងចិនគ្មានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅតែស្អិតល្មួតដូចជំនាន់ព្រះបរមរតនកោដ្ឋនិងជំនាន់សម្តេចតេជោ ហ៊ុន សែន ហើយជឿជាក់ថាមុខជានឹងឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលអាណត្តិថ្មីនៃកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលចិនដែលដឹកនាំដោយលោកប្រធានរដ្ឋ ស៊ី ជីនភីង ជាក់ជាមិនខាន ។

ចំណងមិត្តភាពកម្ពុជា-ចិនដែលពូនជ្រំឡើងដោយព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំជំនាន់ចាស់របស់ប្រទេសចិនបានត្រូវបន្តវេន អភិវឌ្ឍនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ហើយប្រជាជននៃប្រទេសទាំងពីរក៏ខិតខំថែរក្សានិងឱ្យតម្លៃខ្លាំងចំពោះចំណងមិត្តភាពប្រពៃណីដ៏វិសេសវិសាលនិងថ្លៃថ្លាមួយនេះផងដែរ ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូតដែលតម្កល់ទុកគ្នាក្នុងឋានៈអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។

ប្រទេសចិនកម្រនឹងប្រើពាក្យថា«មិត្តដែកថែប»មកហៅប្រទេសជាមិត្តណាស់ ប៉ុន្តែកម្ពុជាបានក្លាយជាមិត្តដែកថែបរបស់ចិន នេះបានបង្ហាញពីទំនាក់ទំនងលើសពីកម្រិតការទូតនិងនយោបាយរវាងប្រទេសទាំងពីរ ។ ពិសេសកាលពីដើមខែកុម្ភៈឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិនប្រកបដោយផ្លែផ្កា ដែលថ្នាក់ដឹកនាំកម្ពុជានិងចិនបានឯកភាពបង្កើតកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងរួមគ្នាកសាងសហគមន៍រួមជោគវាសនាកម្ពុជា-ចិនដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ។

លើសពីនេះទៅទៀត រំលងបានតែ ៧ ខែប៉ុណ្ណោះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅប្រទេសចិន ពោលគឺនៅថ្ងៃទី ១៤ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជានឹងធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន ។ ការសម្រេចយកប្រទេសចិនជាគោលដៅដំបូងបង្អស់សម្រាប់ដំណើរទស្សនកិច្ចជាលើកទីមួយក្នុងឋានៈជានាយករដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈរបស់សម្តេចធិបតីនិងរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា «នេះជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងបន្ទាប់ពីសម្តេចធិបតីហ៊ុនម៉ាណែតឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនៃកម្ពុជាចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា។ឆ្នាំនេះគាប់ជួនជាខួបទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជានិងជាឆ្នាំមិត្តភាពរវាងចិននិងកម្ពុជាប្រទេសចិនរំពឹងទុកថា ឆ្លងតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកនេះ ភាគីទាំងពីរនឹងគ្រោងផែនការទូទៅអំពីកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាក្នុងមួយរយៈកាលខាងមុខជាពិសេសគឺជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបតិ្តការដូចជា «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» និង«ច្រករបៀងត្រីនិងអង្ករ» ជាដើមឱ្យទទួលបានប្រសិទ្ធភាពក្នុងពេលឆាប់ៗដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី។»

ជាការពិតណាស់ កិច្ចជំនួបរវាងថ្នាក់ដឹកនាំបន្តវេននៃកម្ពុជានិងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសចិនក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតីលើកនេះជាការរំពឹងទុករួមរបស់ប្រជាជននៃប្រទេសទាំងពីរ ។ យើងអាចជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងប្រកបដោយផ្លែផ្កាដែលផ្តល់ផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ និងបើកទំព័រសករាជថ្មីនៃចំណងមិត្តភាពទ្វេភាគី ក៏ដូចជាដឹកនាំនាវាមិត្តភាពកម្ពុជា-ចិនឱ្យឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ជាក់ជាមិនខាន ៕

 

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻