គោលនយោបាយចិនតែមួយជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ

«តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។

ពិតមែនតែក្នុងប្រវត្តិសាស្ត្រ តំបន់តៃវ៉ាន់ធ្លាប់បានត្រូវបំបែកចេញពីប្រទេសចិនដោយសារកត្តាសង្គ្រាមក្តី ក៏ប៉ុន្តែកាលពី៨០ឆ្នាំមុននៅឯទីក្រុងគែរប្រទេសអេហ្ស៊ីបប្រទេសចិនសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចេញ«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»ដែលចែងយ៉ាងច្បាស់ថា«ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ»។បន្ទាប់មកមាត្រាទី៨នៃ«សេចក្តីប្រកាសក្រុងPostdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិនសហរដ្ឋអាមេរិកអង់គ្លេសនិងសហភាពសូវៀតក្នុងឆ្នាំ១៩៤៥បានចែងថា«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»នឹងត្រូវអនុវត្តជាដាច់ខាត។

នេះជាភស្តុតាងយ៉ាងលាក់ជាក់ដែលបញ្ជាក់ថាតំបន់តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននិងមិនអាចប្រកែកបាន ។ ទោះបីជាបច្ចុប្បន្ននេះនៅមិនទាន់បានបង្រួបបង្រួមក្តី ក៏ប៉ុន្តែជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺមានឈាមជ័រតែមួយ ហើយមិនថាអាជ្ញាធរនៃដែនកោះតៃវ៉ាន់ឬពួកអបគមន៍និយមដែលប៉ុនប៉ងឆ្លងតាមការគប់គិតជាមួយកម្លាំងខាងក្រៅមួយចំនួនដើម្បីបំបែកតៃវ៉ាន់ចេញពីប្រទេសចិនប្រឹងត្រដរធ្វើសកម្មភាពក្បត់នឹងការពិតនៃប្រវត្តិសាស្ត្រ ក្បត់នឹងឆន្ទៈរបស់ប្រជាជនយ៉ាងណាក្តី ក៏ការបង្រួបបង្រួមជាតិនៃប្រទេសចិនគឺជានិន្នាការដែលចៀសមិនរួចឡើយ ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាប្រទេសចំនួន ១៨២ នៅលើពិភពលោកដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ ។ អ្វីដែលគួរបញ្ជាក់គឺថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កូនប្រទេសមួយចំនួនតូចដែលបានបង្កើត«ទំនាក់ទំនងផ្លូវទូត»ជាមួយអាជ្ញាធរតៃវ៉ាន់បាននាំគ្នាផ្តាច់«ទំនាក់ទំនងផ្លូវការ»ជាមួយតៃវ៉ាន់ហើយងាកមកបង្កើតទំនាក់ទំនងផ្លូវទូតជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនវិញ នេះបានសបង្ហាញថា ការបង្កើត«ទំនាក់ទំនងផ្លូវការ»ជាមួយតំបន់តៃវ៉ាន់វាស្មើនឹងការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសហគមន៍អន្តរជាតិ និងផ្ទុយពីនិន្នាការទូទៅនៃសកលលោក ។ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលនៃប្រទេសណូរូបានប្រកាសថានឹងផ្តាច់«ទំនាក់ទំនងផ្លូវទូត»ជាមួយតំបន់តៃវ៉ាន់និងមានឆន្ទៈស្តារទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញ ហើយប្រទេសចិនក៏បានបង្ហាញពីការកោតសរសើរនិងស្វាគមន៍ចំពោះការនេះផងដែរ។

តើគោលនយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»ជានយោបាយអភិបាលកិច្ចដ៏មានប្រសិទ្ធភាពឬជានយោបាយបំបិទសិទ្ធិសេរីភាព ?

ប្រទេសចិនបានបញ្ជាក់ហើយថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ដូចតំបន់ហុងកុងនិងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គមនិងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឍិម ។ យ៉ាងណាមិញ បស្ចិមប្រទេសមួយចំនួនតូចតែងឃោសនានិងញុះញង់ថា នយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»បានបំបិទសិទ្ធិសេរីភាពរបស់ហុងកុងនិងម៉ាកាវ តើសភាពពិតដូចជាការឃោសនាទេ ?

ជាក់ស្តែង អ្វីដែលយើងមើលឃើញច្បាស់នឹងភ្នែកគឺពលរដ្ឋហុងកុងនិងម៉ាកាវបានរស់ក្នុងសង្គមដែលមិនមានការផ្លាស់ប្តូររបបនយោបាយចាស់ឡើយ ពោលគឺមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ហើយតាមរយៈការតភ្ជាប់ជាមួយផែនការអភិវឌ្ឍន៍របស់តំបន់ចិនដីគោក តំបន់ហុងកុងនិងម៉ាកាវទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានរក្សាឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាពិសេស ទោះបីជាបច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងកំណើនទាបក្តី ក៏ប៉ុន្តែសេដ្ឋកិច្ចនៃតំបន់ហុងកុងនិងម៉ាកាវបានរក្សាកំណើនលឿនបង្គួរ ដែលបញ្ជាក់ថាតំបន់ទាំងពីរនេះបានអភិវឌ្ឍក្រោមរបបនយោបាយដែលប្រកបដោយប្រសិទ្ធភាព ។

អាស្រ័យហេតុនេះ ការដែលលើកឡើងពីការព្រួយបារម្ភថាក្រោយពេលដែលតំបន់តៃវ៉ាន់វិលចូលមាតុប្រទេសវិញ ប្រជាពលរដ្ឋនឹងបាត់បង់សិទ្ធិសេរីភាព ហើយការអភិវឌ្ឍនឹងធ្លាក់ចុះនោះវាគ្មានភាពចាំបាច់ទេ ព្រោះក្រោយពេលបង្រួបបង្រួមជាតិទាំងមូល តំបន់តៃវ៉ាន់នឹងមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំងក្លាតាមរយៈការតភ្ជាប់ផែនការអភិវឌ្ឍន៍ជាមួយមជ្ឈិមចិន ។

មិនថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៃតំបន់តៃវ៉ាន់មានលទ្ធផលយ៉ាងណាក្តី ក៏មិនអាចកែប្រែការពិតដែលតំបន់តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននោះទេ ហើយក៏មិនអាចកែប្រែគំនិតឯកភាពរួមរបស់សហគមន័អន្តរជាតិស្តីពីគោលការណ៍ចិនមួយនោះដែរ គឺដូចជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលចែងថា ៖រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់គោលនយោបាយចិនមួយថា ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់អ្នកនាំពាក្យនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះ«គោលនយោបាយចិនមួយ»ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។

ជារួម លើពិភពលោកនេះមានប្រទេសចិនតែមួយគត់ ហើយរាល់សកម្មភាពដែលប៉ុនប៉ងបំបែកតំបន់តៃវ៉ាន់ចេញពីប្រទេសចិនមុខជាត្រូវបរាជ័យជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻