តើអ្វីទៅជា«គោលការណ៍ចិនតែមួយ» ?

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់យ៉ាងដាច់ខាតនូវ«គោលការណ៍ចិនតែមួយ»ដែលជាបន្ទាត់ក្រហមរបស់ប្រទេសចិនក្នុងទំនាក់ទំនងអន្តរជាតិ ។

តើអ្វីទៅជាគោលការណ៍ចិនតែមួយ ?

 

និយាយជារួម គោលការណ៍ចិនតែមួយគឺជាគោលការណ៍ដែលកំណត់ថាតំបន់ចិនដីគោកនិងតំបន់តៃវ៉ាន់ជាប្រទេសចិនតែមួយ ដែលគោលការណ៍នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ វាបានបង្កើតឡើងក្រោមការតស៊ូរបស់ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីពេញលេញ ដែលមានមូលដ្ឋាននៃផ្លូវច្បាប់និងភស្តុតាងជាក់ស្តែងដែលមិនអាចធ្វើឱ្យរង្គោះរង្គើបាន ហើយត្រូវបានកំណត់ជាក្រមទំនាក់ទំនងអន្តរជាតិក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ។

 

ការដែលនិយាយថា តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីចិនវាមិនមែនជាការអះអាងដោយប្រយោលឬតាមតែមាត់នោះទេ ពោលគឺវាមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ។

តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើកឱ្យទៅប្រចាំការនៅកោះLiuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគមនិងការឈ្លានពានរបស់បរទេស ហើយទីបំផុតត្រូវបានប្រទេសចិនដណ្តើមយកមកវិញ ។

 

កាលពីខែធ្នូ ឆ្នាំ ១៩៤៣ នៅទីក្រុងគែរសព្វថ្ងៃនេះប្រទេសចិនសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានរួមគ្នាចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនទន្ទ្រានយកឱ្យទៅប្រទេសចិនវិញ»។បន្ទាប់មកមាត្រាទី៨នៃ«សេចក្តីប្រកាសក្រុងPostdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិនសហរដ្ឋអាមេរិកអង់គ្លេសនិងសហភាពសូវៀតក្នុងឆ្នាំ១៩៤៥បានចែងថា«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»ត្រូវអនុវត្តឱ្យបានជាដាច់ខាត។ប្រទេសជប៉ុនបានទទួលយក«សេចក្តីប្រកាសក្រុងPostdam»  និងប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។

 

ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិមក អង្គការសហប្រជាជាតិក៏បានទទួលស្គាល់ថារដ្ឋាបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ចំណែកតំបន់តៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ ហើយការលើកឡើងពី«គោលការណ៍ចិនតែមួយ»របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ ។

 

បច្ចុប្បន្ន មានប្រទេសចំនួន ១៨៣ បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ ដែលជាការពិតបង្ហាញយ៉ាងប្រចក្សថា គោលការណ៍ចិនតែមួយជាសច្ចភាពអន្តរជាតិដែលមិនអាចប្រកែកបាន ។ យ៉ាងណាមិញ មានប្រទេសមួយចំនួនតូចដែលខ្លាចប្រទេសចិនអភិវឌ្ឍលឿនជាងខ្លួនតែងយកបញ្ហាតៃវ៉ាន់មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងគោលបំណងបង្អូសបង្អាក់ការអភិវឌ្ឍរបស់ចិន ហើយអាជ្ញាធរតៃវ៉ាន់ដែលចង់«ឯករាជ្យ»តាមរយៈការពឹងផ្អែកលើកម្លាំងខាងក្រៅដែលជាទង្វើក្បត់នឹងផលប្រយោជន៍និងឆន្ទៈប្រជាជនដោយងងឹតងងុលក៏តែងហក់លោតបង្ករឿងយ៉ាងគឃ្លើន ។

 

ប៉ុន្តែទោះជាយ៉ាងណាក្តី សច្ចភាពនឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ។ តួយ៉ាងដូចជាការវិវឌ្ឍថ្មីៗនេះនៃសភាពការណ៍នៅកោះតៃវ៉ាន់ មានប្រទេសជាច្រើនដែលបានចេញសេចក្តីថ្លែងការណ៍ដើម្បីបង្ហាញពីការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ និងការបង្រួបបង្រួមជាតិរបស់ប្រទេសចិន ។ ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ដោយទទួលស្គាល់ថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន ។ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ ។

 

ជាការពិតណាស់ សំឡេងសច្ចភាពទាំងនេះជាការឆ្លុះបញ្ចាំងថា មិនថាអាជ្ញាធរតៃវ៉ាន់ឬកម្លាំងខាងក្រៅណាដែលប៉ុនប៉ងធ្វើអបគមន៍ឱ្យតៃវ៉ាន់ឯករាជ្យ សុទ្ធតែជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ ល្មើសនឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ និងល្មើសនឹងឆន្ទៈរបស់ប្រជាជន ដែលទីបំផុតមុខជានឹងត្រូវបរាជ័យទាំងស្រុងជាមិនខាន ។ ការបង្រួបបង្រួមជាតិរបស់ប្រទេសចិនជារឿងដែលគង់នឹងសម្រេចបានជាដាច់ខាតគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ៕

 

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。