IMF៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤នឹង មានកំណើនខ្ពស់ជាងឆ្នាំ មុនខណៈបន្តប្រឈមនឹងបញ្ហាខាងក្រៅ

ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នឹង មានកំណើនល្អជាងឆ្នាំ២០២៣ ជាមួយនឹងកម្រិតអតិផរមាទាប ប៉ុន្តែនឹងបន្តប្រឈមនឹងបញ្ហាមកពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសគឺភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។

ជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាជាមួយគណៈប្រតិភូ IMF

- Advertise -

ការលើកឡើងរបស់ IMF ធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងលោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក និងលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មមាត្រាទី IV របស់ IMF សម្រាប់កម្ពុជានាពេលថ្មីៗនេះ។

មន្រ្តីក្រុមបេសកកម្មនៅតែមានសុទិដ្ឋិនិយមចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ខាងមុខ។ ប៉ុន្តេសេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជាការធ្លាក់ចុះនៃតម្រូវការខាងក្រៅដោយសារកំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្ម ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និង ការអូសបន្លាយនៃភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យជាដើម។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា

លោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក

លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មមាត្រាទី IV របស់ IMF

លោកស្រី ជា សិរី បានស្វាគមន៍នូវការវាយតម្លៃបឋមនិងការផ្តល់អនុសាសន៍របស់ក្រុមបេសកកម្ម។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ IMF ដែលតែងតែរួមចំណែកក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងផ្តល់ជំនួយបច្ចេកទេសនិងការកសាងធនធានមនុស្ស សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។​

គួររម្លឹកថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជានៅកម្រិត៥,៨%សម្រាប់ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃតម្លៃម្ហូបអាហារនិងការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤៕

你可能还喜欢