សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិក

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បានផ្ញើសារ​អបអរសាទរ​លោក ដូណាល់ ត្រាំ (Donald J. Trump) ដែលបាន​ជាប់ឆ្នោត​សាជាថ្មី​ជាប្រធានាធិបតី​សហរដ្ឋអាម៉េរិក។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​នៅក្នុងលិខិត​នេះថា តាងនាម​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និងក្នុងនាមសម្តេចផ្ទាល់ សម្តេច​សម្តែង​នូវការអបអរសាទរ​យ៉ាងកក់ក្តៅ​បំផុត និងជូនពរ​ដល់លោក ដូណាល់ ត្រាំ ក្នុងឱកាស​ដែលលោក​បានជាប់ឆ្នោត​សាជាថ្មី​ជាប្រធានាធិបតី​ទី៤៧ នៃ​សហរដ្ឋអាម៉េរិក។

សម្តេច​បានចាត់ទុក​ការជាប់ឆ្នោត​​សាជាថ្មី​​របស់​លោក ដូណាល់ ត្រាំ នេះ គឺជា​សក្ខីភាព​មួយ​ដែល បញ្ជាក់​ពីភាព​ជឿជាក់​និង​ទំនុកចិត្ត ដែលប្រជាជន​អាម៉េរិក​មានចំពោះ​ភាពជា​អ្នកដឹកនាំ​ចក្ខុវិស័យ​ និង​បទពិសោធ​ទូលំទូលាយ​របស់​លោក ទាំងក្នុង​វិស័យ​ឯកជន​និង​សាធារណៈ។

សម្តេចតេជោ​មានប្រសាសន៍ថា៖ “ខ្ញុំមាន​ទំនុកចិត្ត​យ៉ាងមុតមាំ​ថា ក្នុងនាមជា​ប្រធានាធិបតី​ ឯកឧត្តម ​នឹងមិនត្រឹមតែ​ដឹកនាំ​សហរដ្ឋអាម៉េរិក​ឆ្ពោះទៅរក​អនាគត​មួយកាន់តែ​រុងរឿង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​បន្ថែម​ទៀត​ដល់​សន្តិភាព ស្ថិរភាព និង វិបុលភាព​ពិភពលោក​ទាំងមូល​ផងដែរ។”

ស្របពេល​ដែលយើង​នឹង​ប្រារព្ធ​ខួបលើក​ទី៧៥​នៃទំនាក់ទំនង​ការទូត​កម្ពុជា-សហរដ្ឋអាម៉េរិក​នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំជឿជាក់​យ៉ាងមុតមាំ​ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​និង​ការ យោគយល់​ និងការគោរព​គ្នាទៅវិញ​ទៅមក ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​យើង ​ប្រាកដជា​នឹងត្រូវបាន​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត។

សម្តេច​បានបន្ថែម​ថា៖ “ក្នុងនាម​ខ្ញុំជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា ខ្ញុំនៅតែ​បន្ត​ប្តេជ្ញា​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ ឯកឧត្តម រដ្ឋបាល​របស់ ឯកឧត្តម និងសភា​សហរដ្ឋអាម៉េរិក ជាពិសេស ព្រឹទ្ធសភា ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​របស់​យើង ទាំងក្នុង​ក្របខណ្ឌ​ទ្វេភាគី​និង​ក្របខណ្ឌ​ពហុភាគី ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​នៃប្រទេស​និង​ប្រជាជន​យើងទាំងពីរ។

សូមរម្លឹកថា លោក​ ដូណាល់ ត្រាំ មកពី​គណបក្ស​សាធារណរដ្ឋ បានជាប់ឆ្នោត​ជាប្រធានាធិបតី​លើកដំបូង​នៅឆ្នាំ២០១៦ ក្រោយផ្តួល​អតីត​រដ្ឋមន្ត្រី​ការបរទេស​អ្នកស្រី ហ៊ីលឡារី គ្លីនតុន។ ក្រោយមក លោកបានចាញ់​ការបោះឆ្នោត​អាណត្តិថ្មី​ក្រោមថ្វីដៃ​លោក​ប្រធានាធិបតី ចូ បៃដិន នៅឆ្នាំ២០២០។ ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ  បានឈ្នះ​ការបោះឆ្នោត​ជាថ្មី​ជាប្រធានាធិបតី​សហរដ្ឋអាម៉េរិក​ទី៤៧ និងក្លាយជា​ប្រធានាធិបតី​អាម៉េរិក​ទី២​ក្នុងប្រវត្តិសាស្រ្ត​ដែលឈ្នះឆ្នោត​ពីរអាណត្តិ​ប៉ុន្តែ​មិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ដែលបាន​ឈ្នះ​បែបនេះ​ដែរកាលពីឆ្នាំ១៨៩២៕

你可能还喜欢

评论被关闭。

/>