ក្រុមហ៊ុនចិនគ្រោងបោះទុនរាប់ពាន់លានដុល្លារវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា

ក្រុមហ៊ុន​ Yunnan Investment Holding Group (YIG) របស់​ប្រទេស​ចិន បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុងការ វិនិយោគ​លើវិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជាមួយ​​ទុនវិនិយោគ​រាប់ពាន់​លាន​​ដុល្លារអាម៉េរិក។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន YIG ដែលមានមូលដ្ឋាន​នៅ​ប្រទេស​ចិន កិច្ចប្រជុំ​ពិភាក្សា​ការងារ​បានផ្តោត​លើ​ការ​​ជំរុញការ​​អភិវឌ្ឍ​​វិស័យ​ទេសចរណ៍​​នៅ​កម្ពុជា ពិសេស​​បង្កើន​​ការ​វិនិយោគ​ថ្មី​ៗ​​ក្នុង​​វិស័យ​​ទេសចរណ៍​​នៅ​​ខេត្ត​សៀមរាប។

លោក លីវ មីងលីន (Liu Minglin) ប្រធានក្រុមហ៊ុន YIG បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​​ក្នុង​​ការបណ្តាក់​​ទុនវិនិយោគ​​លើវិស័យ​​ទេសចរណ៍​​នៅកម្ពុជា។

លោកបានឱ្យ​ដឹងថា​ YIG ​ជា​ក្រុមហ៊ុន​​ដ៏​ធំបំផុត​មួយ​​ក្នុងខេត្តយូណាន និង​មានទុនវិនិយោគ​រាប់ពាន់លានដុល្លារ។ លោកនឹង​​ចាត់​ក្រុមការងារ​ជំនាញ​ក្រុមហ៊ុន​របស់​លោក​ ចុះទៅ​សិក្សា​​ផ្ទាល់​​លើ​សក្តានុពល​​នៅ​កម្ពុជា​ក្នុងពេល​ដ៏​ឆាប់ខាងមុខនេះ។

ជា​ការ​ឆ្លើយ​តប លោក​ ហួត ហាក់ បានស្វាគមន៍​​រាល់​ការ​វិនិយោគ​​លើវិស័យ​ទេសចរណ៍​​ក្នុង​ប្រទេស​​កម្ពុជា និង​​បាន​​ស្នើ​​ឱ្យ​ប្រធាន​ក្រុមហ៊ុន​​រៀបចំ​គម្រោង​​វិនិយោគ​​ឱ្យបាន​រួចរាល់ និង​បញ្ជូន​​មករាជរដ្ឋាភិបាល​​កម្ពុជា​ដើម្បី​​ពិនិត្យ​​ និង​​សម្រេច។

​លោក ហួត ហាក់ ក៏បាន​ស្នើឱ្យ​​ប្រធាន​​ក្រុមហ៊ុន​​ពង្រឹង​​ទំនាក់ទំនង​​​ជា​មួយ​វិស័យ​​ឯកជន​​កម្ពុជា និងកៀរគរ​​អ្នកវិនិយោគ​​មក​បណ្តាក់​​ទុន​​លើការ​អភិវឌ្ឍន៍​​វិស័យ​ទេសចរណ៍​​កម្ពុជាឱ្យ​​បាន​ច្រើនថែមទៀត៕

你可能还喜欢

评论被关闭。

/>