កម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំកម្ពុជា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ

កម្មវិធី​ប្រកួត​ចម្រៀង​ចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំ​កម្ពុជា ឆ្នាំ២០២៤ បានបញ្ចប់​ដោយជោគជ័យ ដោយវគ្គផ្តាច់ព្រ័ត្រ​បានធ្វើឡើង​នារសៀល​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជបណ្ឌិតសភា​កម្ពុជា ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

បេក្ខជន​ឆ្នើម​ចំនួន ១៦ នាក់​ក្នុងចំណោម​បេក្ខជន ១១៨ នាក់ មកពីរាជធានី-ខេត្ត ក្រុង​នានា បានចូលរួម​ក្នុងការ​ប្រកួតនេះ។ បេក្ខជន​ទាំងអស់​បានបកស្រាយ​បទចម្រៀង​ចិន ​ពីរោះ​និងមានប្រជាប្រិយភាព​ខ្ពស់ ដែលជា​ការបង្ហាញ​នូវ​ទេពកោសល្យ​ និង​ជាសមិទ្ធផល​នៃការសិក្សា​ភាសាចិន​ផងដែរ។

ឆ្លងកាត់​ការប្រកួត​យ៉ាងស្វិតស្វាញ ជាលទ្ធផល បេក្ខជន ម៉ា លីនណា មកពី​សាលារៀន ទួនហ្វា បានទទួល​ជ័យលាភី​លេខ១ ក្នុងការ​ប្រកួត​ចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំ​កម្ពុជា ឆ្នាំ២០២៤ នេះ។

លោក វ៉ាង វិនពីន បានបញ្ចាក់ថា បទចម្រៀងចិន​មានបង្កប់​នូវមនោសញ្ចេតនា ​និង​ផ្នត់គំនិត​របស់​ប្រជាជនចិន។ ការប្រកួត​នេះក៏បាន​បង្ហាញ​អំពី​កម្រិតខ្ពស់​នៃការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន ​កម្ពុជា-ចិន ក្នុងវិស័យ​វប្បធម៌និងភាសា។ លោកសង្ឃឹមថា សិស្សានុសិស្ស​ និង​និស្សិត​ដែលជា​បេក្ខជន​ប្រកួត ​និង​ទស្សនិកជន នឹងបន្ត​ធ្វើជា​បេសកជន​នៃ​ចំណង​មិត្តភាព​រវាង​កម្ពុជានិងចិន​បន្ថែមទៀត។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើង​ថា ការប្រកួត​បែបនេះ ​គឺជា​កម្លាំង​ចលករ​ដ៏សំខាន់​ក្នុងការ​លើកកម្ពស់​ការអប់រំ​ភាសាចិន​នៅប្រទេស​កម្ពុជា និងការផ្លាស់ប្តូរ​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ សំដៅ​ឆ្ពោះទៅ​ការកសាង​កម្លាំង​យុវជន​ដ៏មាន​សក្តានុពល សម្រាប់​បន្តវេន​ពូនជ្រំ​មិត្តភាព​ដ៏យូរលង់​របស់​ប្រទេស​ទាំងពីរ ​ឱ្យកាន់តែ​ជិតស្និទ្ធ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត។

លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

ឆ្លៀតក្នុង​ឱកាស​នោះផងដែរ តាងនាម​ក្រសួង​អប់រំ យុវជន និង កីឡា លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់អគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា រាជបណ្ឌិតសភា​កម្ពុជា និង អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលបាន​ផ្តួចផ្តើម សម្របសម្រួល និង គាំទ្រ​បង្កើត​ការប្រកួត​នេះឡើង ដើម្បី​ផ្តល់ឱកាស​ឱ្យបេក្ខជន​បានបញ្ចេញ​សមត្ថភាព​របស់​ខ្លួន និងជំរុញ​ការអនុវត្ត​ស្មារតី​ឆ្នាំនៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​កម្ពុជា-ចិន ២០២៤ និងកិច្ចសហប្រតិបត្តិការ​អប់រំ​ភាសាចិន៕

你可能还喜欢

评论被关闭。

/>