រដ្ឋបាលរាជធានីនឹងចាប់ផ្តើមរុះរើខ្សែកាប្លិ៍អាកាសចេញពីលើផ្លូវ ៤០ ខ្សែចាប់ពីខែធ្នូ ឆ្នាំ២០២៤

ដើម្បី​​លើក​កម្ពស់​សោភណភាព​​រាជធានី​​ភ្នំពេញ​​ឱ្យ​កាន់តែ​​ល្អ​ស្រស់បំព្រង ស័ក្ដិសម​​ជា​បេះដូង​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា ក្រុមការងារ​​ចម្រុះ​​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​​នឹង​ធ្វើ​ការ​​រៀប​ចំ​សណ្តាប់ធ្នាប់​​បណ្តាញខ្សែកា​ប្លិ៍​អាកាសតាម​ដងផ្លូវ​​ចំនួន ៤០ ខ្សែ ដោយចាប់ផ្តើម​អនុវត្ត​ពីខែធ្នូ ឆ្នាំ២០២៤ តទៅ។

យោងតាម​​សេចក្តី​ជូនដំណឹង​​ស្តីពី​ការរៀបចំ​​សណ្តាប់ធ្នាប់​​បណ្តាញ​​ខ្សែកាប្លិ៍​អាកាស​​ក្នុងរាជធានី​ភ្នំពេញ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរៀបចំ​សណ្តាប់ធ្នាប់​​បណ្តាញ​ខ្សែកា​ប្លិ៍​អាកាស​តាមដងផ្លូវ​ចំនួន ៤០ ខ្សែ​ក្នុងរាជធានី​ភ្នំពេញ នឹងត្រូវ​បែងចែក​​ជា ៣ ដំណាក់កាល ក្នុងនោះ​ដំណាក់កាល​ទី១ អនុវត្ត​​លើ​ដងផ្លូវ​ចំនួន ១៧ ខ្សែ ដំណាក់កាល​ទី២ អនុវត្ត​លើ ដងផ្លូវ​ចំនួន ១២ ខ្សែ និង ដំណាក់កាល​ទី៣ អនុវត្ត​លើដងផ្លូវ​ចំនួន ១១ ខ្សែ។

រដ្ឋបាល​រាជធានី​​ភ្នំពេញ​បានអំពាវនាវ​​ដល់បងប្អូន​​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​ដ្ឋាន អង្គភាពរដ្ឋ និង បណ្តា​ក្រុមហ៊ុន​​ឯកជន​​ទាំងអស់​​ដែលកំពុង​ប្រើប្រាស់​​បណ្តាញ​ខ្សែកាប្លិ៍​អាកាស​​នៅតាម​ផ្លូវទាំង ៤០ ខ្សែដែលបាន​បញ្ជាក់​ក្នុងសេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្រញាប់រួសរាន់​រៀបចំ​រុះរើ​ចេញក្នុងរយៈពេល ៣០ ថ្ងៃ ដោយគិតចាប់​ពីថ្ងៃជូនដំណឹងតទៅ។

ខាងក្រោមនេះ គឺជាសេចក្តី​ជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប្លិ៍​អាកាស​ក្នុងរាជធានី​ភ្នំពេញ៖

គួររម្លឹកថា នៅក្នុងសេចក្តី​ជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប្លិ៍​អាកាស​ក្នុងរាជធានី​ភ្នំពេញ បានបញ្ជាក់អំពីឈ្មោះនិងលេខផ្លូវ ចំណុចចាប់ផ្តើម-ចំណុចបញ្ចប់ និង កាលបរិច្ឆេទចុះអនុវត្ត​សម្រាប់ការ​រៀបចំ​សណ្តាប់ធ្នាប់បណ្តាញ​ខ្សែកាប្លិ៍​អាកាស​ក្នុងរាជធានី​ភ្នំពេញនេះ៕

你可能还喜欢

评论被关闭。

/>