លោក ប្រាក់ សុខុន ចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជំនួសលោក សុខ ចិន្តាសោភា ជាផ្លូវការ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភា​​បានបោះឆ្នោត​​ផ្តល់​សេចក្តី​ទុកចិត្ត​​ដល់លោក ប្រាក់ សុខុន ជា​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​និង​សហប្រតិបត្តិការ​​អន្តរជាតិ​​ជាផ្លូវការ ជំនួស​លោក សុខ ចិន្តាសោភា ដោយសំឡេង​​គាំទ្រ ១១២ សំឡេង​​នៃសមាជិក​​រដ្ឋសភា​​ទាំងមូល។

លោក ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧

ការបោះឆ្នោត​​ផ្តល់សេចក្តី​ទុក​ចិត្ត​នេះ បានធ្វើឡើង​​ក្នុងសម័យ​​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា ដឹកនាំ​​ដោយសម្តេច​​មហារដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន​​រដ្ឋសភា ដោយ​បាន​បោះឆ្នោត​​ផ្តល់សេចក្តី​​ទុកចិត្ត​​លើការ​កែ​សម្រួល​​និង​តែងតាំង​​បំពេញ​​បន្ថែម​សមាសភាព​រាជរដ្ឋាភិបាល​​ចំនួន ២ រូប តាម​សំណើ​​របស់​​រាជរដ្ឋាភិបាល គឺលោក ប្រាក់ សុខុន ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​និង​សហប្រតិបត្តិការ​អន្តរជាតិ និងលោក សុខ ចិន្តាសោភា ជាឧប​នាយក​រដ្ឋមន្ត្រី។

គួររម្លឹកថា លោក ប្រាក់ សុខុន ធ្លាប់​កាន់​តំណែង​​ជារដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​​ម្តងរួចហើយ នាអំឡុង​ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ បន្ទាប់មក​លោកបានទៅ​កាន់តំណែង​ជាសមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​រាជធានី​ភ្នំពេញ និងមាន​តួនាទីជា​អនុប្រធាន​ទី១ព្រឹទ្ធសភា។

ថ្លែងបទអន្តរាគមន៍​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានគូសបញ្ជាក់​ថា ការស្នើ​កែសម្រួល​និង​តែងតាំង​បំពេញ​បន្ថែម​សមាសភាព​រាជរដ្ឋាភិបាល​ខាងលើ គឺដើម្បី​ប្រសិទ្ធភាព​ការងារ​កាន់តែខ្លាំង​ថែមទៀត ពោលគឺ​នឹងបង្កើន​សមត្ថភាព​និង​ប្រសិទ្ធភាព​ការងារ​របស់​រាជរដ្ឋាភិបាល ​នៅក្នុង​ការអនុវត្ត​នយោបាយ​ការបរទេស​និង​ពាណិជ្ជកម្ម​កម្ពុជា​លើឆាក​អន្តរជាតិ​ប្រកបដោយ​ភាពបត់បែន និងអាច​ប្រែក្លាយ​បញ្ហា​ប្រឈម​នានា​ទៅជា​កាលានុវត្តភាព​សម្រាប់​លើកកម្ពស់​ផលប្រយោជន៍​ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បោះឆ្នោតនិងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧

សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ តាមរបៀបវារៈចំនួន​ ៤៖

១) ការបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​​លើការ​កែសម្រួល​​និង​​តែងតាំង​​បំពេញ​បន្ថែម​​សមាសភាព​​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ចំនួន ២ រូប។

២) ការពិភាក្សា​​និង​​អនុម័ត​​លើយោបល់​​ស្នើសុំ​​កែសម្រួល​​ចំណង​ជើង​​និង​​បទប្បញ្ញត្តិ​​នៃសេចក្តី​​ព្រាងច្បាប់​ស្តី​ពី ការអនុម័ត​​លុបចោល​​កិច្ចព្រមព្រៀង​​ស្តីពី​​ការ​ជំរុញ​​និង​​សម្រួល​​ពាណិជ្ជកម្ម​​តំបន់​ត្រីកោណ​​អភិវឌ្ឍន៍​កម្ពុជា​-ឡាវ-វៀតណាម។

៣) ការពិភាក្សា​​និង​​អនុម័ត​​សេចក្តី​​ព្រាងច្បាប់​​ស្តីពី ការទូទាត់​​ថវិកា​​ទូទៅ​​របស់​​រដ្ឋ​​សម្រាប់​ការ​គ្រប់គ្រង​​ឆ្នាំ២០២៣។

៤) ការពិភាក្សា​​និង​​អនុម័ត​​សេចក្តី​​ព្រាងច្បាប់​​ស្តីពី ហិរញ្ញវត្ថុ​​សម្រាប់​​ការគ្រប់គ្រង​​ឆ្នាំ២០២៥៕

你可能还喜欢

评论被关闭。

/>