នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាជាតិនិងស្ថាប័នទាំងអស់រួមគ្នាលើកកម្ពស់សុវត្ថិភាពពិភពលោក

ពិធីបើក​សម័យ​ប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ ដើម្បី​ភាពអត់ឱន​ និងសន្តិភាព​លើកទី១១ (IPTP11) និង ប្រកាស​ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្សជាតិ ​និងភពផែនដី បានប្រារព្ធ​ឡើងជាផ្លូវការ​នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី​ភ្នំពេញ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការរួមគ្នាលើកកម្ពស់សុវត្ថិភាពពិភពលោក

ថ្លែងក្នុងពិធីបើក IPTP11 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអំពាវនាវ​ឱ្យប្រជាជាតិ​ និងស្ថាប័ន​ទាំងអស់​ចូលរួម​ជំរុញ ​និងប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​ធ្វើឱ្យ​ពិភពលោក​មានសុវត្ថិភាព ​និងវិបុលភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត។

សម្តេចធិបតី​បានមាន​ប្រសាសន៍​ថា​ កម្ពុជា​យល់ច្បាស់​អំពី​តម្លៃ​សន្តិភាព​ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏មាន​សារៈសំខាន់​ក្នុងការ​ធានា​បាននូវ​ការស្តារ​ឡើងវិញ ​និងការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ភាពធន់។ សន្តិភាព​បានផ្តល់ឱ្យ​នូវឱកាស​វិនិយោគ​លើប្រជាជន ស្ថាប័ន និង អនាគត​របស់​យើង ហើយកម្ពុជា​គឺជា​គំរូ​នៃវិធី​ដែល​ប្រជាជាតិ​មួយអាច​ប្រឈមមុខ​នឹងស្រមោល​អតីតកាល​ដ៏ជូរចត់​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ។ តាមរយៈ​យន្តការ​យុត្តិធម៌​អន្តរកាលនេះ សង្គមជាតិ​កម្ពុជា​អាចពឹងផ្អែក​លើមូលដ្ឋាន​មួយ ដើម្បី​ធានា​បាននូវ​សន្តិភាព​យូរអង្វែង និងការផ្សះផ្សា​ដោយពុំមាន​ការសងសឹក​គ្នា ឬការ​កើតជម្លោះ​សាជាថ្មី​វិញឡើយ។

សម្តេចធិបតី​បានសង្កត់ធ្ងន់​ថា កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​សន្តិភាព គឺត្រូវមាន​ភាពបុរេសកម្ម​ ហើយត្រូវ​ពួតដៃ​ប្រឹងប្រែង​រួមគ្នា។ លើសពីនេះ ក៏ត្រូវការ​ការចូលរួម​កាន់តែ​ខ្លាំងឡើង​ពីសំណាក់​រាជរដ្ឋាភិបាល ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ឯកជន មូលនិធិ​ឯកជន ស្ថាប័ន​ស្រាវជ្រាវ និង អង្គការ​សង្គមស៊ីវិល​នានាផងដែរ។ ការរួម​ចំណែក​របស់​តួអង្គ​ពាក់ព័ន្ធ​ទាំងឡាយ ពិតជា​មានសារៈសំខាន់​ក្នុងការ​លើកកម្ពស់ការទូត​បង្ការ​ជម្លោះ វិធានការ​កសាង​ការជឿជាក់​និងទំនុកចិត្ត ព្រមទាំង​សុចរិតភាព​នៃប្រព័ន្ធ​ផ្សព្វផ្សាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យើងត្រូវ​ធ្វើការ​រួមគ្នា​ដោះស្រាយ​ការគំរាម​កំហែង​សន្តិសុខ​មិនមែន​ប្រពៃណី រួមមាន​បញ្ហា​អសន្តិសុខ​ស្បៀង ​និងអាហារូបត្ថម្ភ​និងគ្រោះមហន្តរាយ​ ដែលពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀតផងដែរ ដែលបញ្ហា​ទាំងនេះ​អាចបំផ្លាញ​សន្តិភាព សន្តិសុខ និង ការអភិវឌ្ឍ​ បើសិនជា​យើងមិន​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​និងទាន់​ពេលវេលា ហើយនេះ​គឺជា​រឿងចាំបាច់​ដែលសហគមន​អន្តរជាតិ​ត្រូវសហការ​រួមគ្នា​ឱ្យបាន​ជិតស្និទ្ធ​ក្នុងការ​ដោះស្រាយ​បណ្តុំ​បញ្ហា​ពាក់ព័ន្ធ​នឹងសន្តិសុខស្បៀង ទឹក និង ថាមពល។

ពិធី​ចុះហត្ថលេខា​លើ «ធម្មនុញ្ញ​សន្តិភាព​សកល៖ ដើម្បី​មនុស្សជាតិ​និងភពផែនដី»

សម្តេចតេជោ ហ៊ុន សែន ទទួល «ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្សជាតិ​និងភពផែនដី»

នៅក្នុងពិធី IPTP11 និងប្រកាស​ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្សជាតិ ​និងភពផែនដី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​ចុះហត្ថលេខា​លើ «ធម្មនុញ្ញ​សន្តិភាព​សកល៖ ដើម្បី​មនុស្សជាតិ​និងភពផែនដី»។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានទទួល «ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្សជាតិ​និងភពផែនដី»ផងដែរ៕

你可能还喜欢

评论被关闭。

/>