កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នាព្រឹក​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា បាន​ទទួល​ជួប​​និង​ពិភាក្សា​​ការងារ​​ជាមួយ​នាយឧត្តម​សេនីយ៍ ចាន់​សា​ម៉ាន ចាន់​យ៉ា​ឡាត់ (Chansamone Chanyalath) ឧប​នាយក​​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារ​​ប្រទេស​​ឡាវ និងនាយឧត្តម​សេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋ​មន្ត្រី​​ក្រសួង​​ការពារ​ប្រទេស​​វៀតណាម នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​​នៃ​ជំនួប រដ្ឋ​មន្ត្រី​​ការពារ​​ប្រទេស​ឡាវ​​និង​​វៀតណាម បាន​លើកឡើង​​អំពី​​លទ្ធផល​​ប្រកប​ដោយ​​ផ្លែផ្កា​​នៃកិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​​ការពារជាតិ កម្ពុជា ឡាវ និង វៀតណាម  ក៏ដូចជា​​ជោគជ័យ​​នៃ​លំហាត់​​ហ្វឹកហ្វឺន​​រួមគ្នា ក្រោម​ប្រធាន​បទ «ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ​​គ្រោះ​មហន្តរាយ​​បាក់​រលំ​​អគារ» ដែល​កម្ពុជា​​ធ្វើជា​ម្ចាស់ផ្ទះ​​សម្រាប់​​ឆ្នាំ២០២៤។ ការណ៍នេះ​​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​​និង​​កិច្ច​សហ​ប្រតិបត្តិការ​​ល្អ​រវាង​​ក្រសួង​​ការពារ​ជាតិ​នៃ​ប្រទេស​​ទាំងបី។

រដ្ឋមន្ត្រី​​ការពារ​​ប្រទេស​​ឡាវ​ ​និង​​វៀតណាម បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុងការ​​បន្តពង្រឹង​​និង​​ពង្រីក​​កិច្ច​សហប្រតិបត្តិការ​ ឱ្យ​កាន់តែ​​ជិតស្និទ្ធ​​បន្ថែម​ទៀត​​ជាមួយ​​ក្រសួង​ការពារ​ជាតិ​កម្ពុជា តាម​រយៈ​​ការ​បន្ត​​ធ្វើ​លំហាត់​​ហ្វឹក​ហ្វឺន​​រួមគ្នា​​ដើម្បី​​សង្គ្រោះ​​គ្រោះ​មហន្តរាយ ការរៀបចំ​​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​​រវាង​​ក្រសួង​ការពារជាតិ​​នៃ​​ប្រទេស​ទាំងបី ការ​ផ្លាស់​ប្ដូរ​​ទស្សន​កិច្ច​គ្រប់លំ​ដាប់ថ្នាក់ រួមទាំង​​ទស្សនកិច្ច​​សិក្សា​ជាដើម។

ជាការ​ឆ្លើយតប សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​សម្ដែង​​នូវការ​​រីករាយ​​ចំពោះ​​វឌ្ឍនភាព​​នៃ​ទំនាក់​ទំនង​​និង​​កិច្ច​សហប្រតិបត្តិការ​​រវាង​​ក្រសួង​​ការពារជាតិ​​នៃ​ប្រទេស​​ទាំងបី និង​បាន​​អប​អរសាទ​រ​​ចំពោះ​​ជោគជ័យ​​នៃការ​​រៀបចំ​​លំហាត់​​ហ្វឹក​ហ្វឺន​​រួមគ្នា​​ដើម្បី​​ជួយ​សង្គ្រោះ​​គ្រោះ​មហន្តរាយ ដែល​កម្ពុជា​​ធ្វើជា​​ម្ចាស់ផ្ទះ​​នៅឆ្នាំ២០២៤។

សម្ដេចធិបតី​​បានគូស​​បញ្ជាក់​ថា កម្ពុជា ឡាវ និង វៀតណាម នៅមាន​សក្ដានុ​ពល​​ជាច្រើនទៀត​​ដែលអាច​​ពង្រឹង​​និង​ពង្រីក​​កិច្ចសហ​ប្រតិបត្តិ​ការ ជាពិសេស​​លើវិស័យ​​វិនិយោគ​​និង​​ពាណិជ្ជកម្ម ការ​តភ្ជាប់​​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង សន្ដិសុខ ដោយផ្ដោត​លើ​ការ​ប្រយុទ្ធ​​ប្រឆាំង​​បទល្មើស​ឆ្លងដែន ដូចជា​​ការជួញដូរ​មនុស្ស​និង​គ្រឿងញៀន​ខុសច្បាប់​ជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើក​ទឹកចិត្ត​ដល់ក្រសួង​ការពារជាតិ​នៃប្រទេស​ទាំងបី បន្ត​ពង្រឹង ​និងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យកាន់តែ​រីកចម្រើន​បន្ថែមទៀត៕

你可能还喜欢

评论被关闭。

/>