កម្ពុជាបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិកចាប់ពីថ្ងៃចូលឆ្នាំសកល ឆ្នាំ២០២៥ តទៅ
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរនិងប្រភេទធម្មតា ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។
សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរនិងទេសចរដែលចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អនិងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុងអេកូឡូស៊ី (Ecosystem) តែមួយរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បញ្ចុះតម្លៃ e-Visa ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ដោយក្នុងនោះ e-Visa T បញ្ចុះតម្លៃពី ៣៦ ដុល្លារអាម៉េរិក មកនៅត្រឹម ៣០ ដុល្លារ និង e-Visa E បញ្ចុះតម្លៃពី ៤២ ដុល្លារ មកនៅត្រឹម ៣៥ ដុល្លារ។
សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា ការកែទម្រង់ខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ៕
评论被关闭。