លោកជំទាវបណ្ឌិត ជា សិរី ជួបប្រជុំពិភាក្សាជាមួយលោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥– លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយលោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

គោលបំណងនៃជំនួបនេះគឺដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាពទាំង២២នៃក្របខ័ណ្ឌកិច្ចពិគ្រោះយោបល់ពហុភាគី ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាពេលកន្លងមក។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលភាគីពាក់ព័ន្ធទាំងអស់សម្រេចបានតាមផែនការ តាមរយ:ការចូលរួមធ្វើសកម្មភាពយ៉ាងសកម្ម។

អង្គប្រជុំក៏បានឯកភាពគ្នាបន្តអនុវត្តសកម្មភាពស្នូល រួមមាន៖ ១-ដំណើរការរៀបចំកិច្ចសន្ទនាពហុភាគីកម្រិតខ្ពស់ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា លើកទី៣ ២-ប្រមូលអនុសាសន៍ និងយុទ្ធសាស្ត្រក្នុងការអនុវត្តសកម្មភាពអាទិភាពនានា ដែលមិនទាន់សម្រេចបានពេញលេញ ៣-រៀបចំហេដ្ឋារចនាសម្ព័ន្ធចែករំលែកទិន្នន័យ និង៤-សិក្សាលទ្ធភាពប្រមូលទិន្នន័យឥណទានរបស់ប្រជាជន៕

你可能还喜欢