សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត

ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥​ –សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សម្ដេចតេជោក៏បានអំពាវនាវជនរួមជាតិ កុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬ រូបថតមេដឹកនាំថៃណាមួយ មកធ្វើអំពើមិនគប្បីឱ្យសោះ ក្នុងខណៈជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ ដោយដាក់តាំងរូបសម្ដេចដើម្បីបាញ់យករង្វាន់នោះ។


នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់ ។ សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ សម្ដេចតេជោលើកឡើងថា  មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់ មិនថាជនជាតិណា ឬក្រុមណានោះទេ។ កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចតេជោបានថ្លែងថា៖ «ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត»។
សម្ដេចតេជោបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ «ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬ រូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌»។ នេះគឺជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។


សម្ដេចតេជោក៏បានគូសបញ្ជាក់ថា  យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ សម្ដេចតេជោនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

- Advertise -

សម្ដេចតេជោគូសបញ្ជាក់ទៀតថា៖  «ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។ យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។ សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។»

 

ចុងក្រោយសម្ដេចតេជោចង់ជម្រាបទៅបងប្អូន ពិសេសបងប្អូននៅជិតព្រំដែនថៃថា សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយ ដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។ ខ្ញុំសូមភ្ជាប់វីដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់៕

你可能还喜欢