ឯកឧត្ដម នេត្រ ភក្រ្ដា៖ សារព័ត៌មានថៃកំពុងបំភ្លៃ បំភ្លើស ហួសពីការពិត ដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋជាតិនិយមរបស់ពួកគេ
សៀមរាប ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២៥–ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា អ្វីដែលយើងបានមើលឃើញការផ្សព្វផ្សាយកន្លងមករបស់បណ្តាញសារព័ត៌មានថៃគឺការបង្កើតនូវភាពមន្ទិល និងការប្រើប្រាស់ពាក្យពេជន៍ដែលមានពេលខ្លះគឺអ្នកសារព័ត៌មានបានបំប៉ោងហួសពីការពិត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃទី១ នៃសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងទាក់ទិនទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃថា ដូចជានៅថ្ងៃទី០៨ ខែ មិថុនា កន្លងទៅគឺកម្ពុជានិង ថៃ មានការឈានដល់ការសម្រួលកងកម្លាំងកងទ័ពក្នុងតំបន់មុំ៣ ក្នុងនោះ សារព័ត៌មានថៃ ពិសេសសារព័ត៌មានថៃស៊ុត ដោយសារព័ត៌មាននេះបានផ្សព្វផ្សាយថាកងទ័ពកម្ពុជាបានដកទ័ព តែនេះជាឧទាហរណ៍ដែលយើងអាចមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយបានបំភ្លៃខុសពីការពិត ដែលធ្វើឱ្យមានការយល់ច្រឡំ។ ឯកឧត្ដមបញ្ជាក់ថា ក្រៅពីនេះយើងសង្កេតឃើញថាមានការបង្ក និងសាងបញ្ហាពីប្រព័ន្ធផ្សព្វផ្សាយមិនមានភាពច្បាស់លាស់ក៏ដូចជាបំភ្លៃ បំភ្លើសទៅលើហេតុការណ៍មួយចំនួនដែលបង្កើតដោយសារព័ត៌មានរបស់ថៃ នាំឱ្យមានការយល់ច្រឡំ នេះដូចគ្នាផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានស្នើសុំទៅភាគីថៃពិសេសប្រព័ន្ធផ្សព្វផ្សាយថៃគឺសុំឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ហើយការផ្សព្វផ្សាយត្រូវប្រកាន់សច្ចៈភាពព័តមាន ភាពត្រឹមត្រូវរបស់ព័ត៌មាន សូមកុំឱ្យបញ្ចូលនូវនិន្នាការនយោបាយក្នុងព័ត៌មានរបស់ខ្លួន។ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ខ្ញុំមិនបានបង្រៀនអ្នកសារព័ត៌មានថៃទេ ប៉ុន្តែអ្វីដែលយើងបានសង្កេតឃើញគឺការបំភ្លៃ បំភ្លើស ជាពិសេសការប្រើប្រាស់នូវពាក្យបំភ្លៃ បំប៉ោងព័ត៌មាន តាមរយៈការបង្កើតព័ត៌មានដោយបំភ្លៃ បំភ្លើស បំភាន់ព័ត៌មានគឺមានច្រើនដែលធ្វើឱ្យការផ្សព្វផ្សាយរបស់គាត់នេះអាចថាបំពេញចិត្តប្រជាជនរបស់គាត់។ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា តែងបានទទួលព័ត៌មានពិត ព័ត៌មានត្រឹមត្រូវតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា»។
ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានគូសបញ្ជាក់បន្ថែមថា អ្វីដែលយើងមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយរបស់ភាគីម្ខាងទៀតនោះគឺជាការមិនត្រឹមត្រូវ ប្រាសចាកពីការពិត ហើយពិភពលោកក៏បានមើលឃើញជាក់ស្តែងពីរបៀបនេះដែរតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងនេះព័ត៌មានអន្តរជាតិដែលគេផ្សព្វផ្សាយពីការពិត ដែលវាខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយថៃបានធ្វើនាកន្លងមក៕