ក្រសួងមហាផ្ទៃកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ វៀតណាម នៅចុងខែកក្កដានេះ

ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥–ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលក្រសួងមហាផ្ទៃកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។

ក្នុងកិច្ចប្រជុំនោះនឹងមានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីដាច់ដោយឡែក រវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។

- Advertise -

សូមរម្លឹកថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ វៀតណាម លើកទី១ បានធ្វើឡើងនៅប្រទេសវៀតណាម។ កិច្ចប្រជុំនេះ ដើម្បីផ្តល់ឱកាសឱ្យភាគីទាំងបីបានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូល ជាពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការថែរក្សាតំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ព្រមទាំងធានាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទេសរៀងៗខ្លួន និងក្នុងតំបន់៕

你可能还喜欢