ការចងចាំពីប្រវត្តិសាស្ត្រជាធាតុចូលសំខាន់សម្រាប់ការថែរក្សាសន្តិភាព

នៅថ្ងៃទី ៣ ខែកញ្ញាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងរៀបចំពិធីរំលឹកខួបថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ដើម្បីបង្ហាញពីឆន្ទៈនៃការចងចាំពីប្រវត្តិសាស្ត្រនៃការតស៊ូប្រយុទ្ធនិងការពលីជីវិតយ៉ាងអង់អាចក្លាហានរបស់ប្រជាជនចិនដើម្បីបុព្វហេតុសន្តិភាពរបស់មនុស្សជាតិ ។

ដោយឡែកនៅក្នុងឆ្នាំនេះ ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដ៏ឱឡារិកអមដោយពិធីត្រួតពលនិងព្យុហយាត្រាដ៏ធំនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសចំនួន ២៦ និងមេដឹកនាំនៃអង្គការអន្តរជាតិនានា ដើម្បីអញ្ជើញជាសក្ខីភាពក្នុងពិធីរំលឹកខួបថ្ងៃជ័យជម្នះ បានបង្ហាញពីគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិស្តីពីការចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ។

បច្ចុប្បន្ននិម្មាបនកម្មពិភពលោកបាននិងកំពុងប្រឈមនឹងបម្រែបម្រួលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត១សតវត្សរ៍។ការប៉ះទង្គិចឬសង្គ្រាមបានផ្ទុះឡើងនៅប្រទេសមួយចំនួនកត្តាអសន្តិសុខប្រពៃណីនិងមិនប្រពៃណីបាននិងកំពុងកើនឡើងអាស្រ័យហេតុនេះពិភពលោកកាន់តែត្រូវការជាបន្ទាន់និងជាងពេលណាៗទាំងអស់នូវកម្លាំងមហាសាមគ្គី និងគំនិតឯកភាពរួមដើម្បីថែរក្សាសណ្តាប់ធ្នាប់និងសន្តិភាព។

ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថាមិនថាកាលពីអតីតកាលឬបច្ចុប្បន្នកាលនោះទេសង្គ្រាមរមែងនាំមកនូវតែភាពវិនាសហិនហោចភាពនិរាសព្រាត់ប្រាស ភាពទុរ្ភិក្ស និងភាពឈឺចាប់ខ្លាចផ្សារចំពោះមនុស្សជាតិ ហើយបានបន្សល់ទុកនូវសោកនាដកម្មដែលមិនអាចប៉ះប៉ូវបាន។ អាយុជីវិតរបស់ក្រុមងាយរងគ្រោះដូចជាស្ត្រីកុមារនិងមនុស្សចាស់ជរារាប់មិនអស់ត្រូវបានលេបត្របាក់ដោយភ្លើងសង្គ្រាមយុទ្ធជនជួរមុខជាច្រើនត្រូវពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។

បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ប្រទេសនានាដែលស្នេហាសន្តិភាពបានពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាពនិងសណ្តាប់ធ្នាប់ក្រោយសង្គ្រាម ។ ក្នុងន័យនេះ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដើម្បីជាមគ្គុទេ្ទសក៍ដឹកនាំកិច្ចការអន្តរជាតិនិងដើរតួនាទីគាំពារសន្តិសុខនិងសន្តិភាពពិភពលោក។ ប៉ុន្តែជារឿយៗ ទាំងប្រព័ន្ធច្បាប់អន្តរជាតិនិងសណ្តាប់ធ្នាប់អន្តរជាតិតែងប្រឈមនឹងការសាកល្បងនិងការវាយប្រហារពីកម្លាំងជ្រុលនិយម ភេរវនិយម ឯកតោភាគីនិយម អនុត្តរភាព និងគាំពារនិយមជាដើម ដែលជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ។

ការចងចាំពីប្រវត្តិសាស្ត្រនៃសង្គ្រាម គឺដើម្បីចាត់ទុកជាកញ្ចក់ ឆ្លុះពីយុគសម័យអន្ធការដែលបង្កឡើងដោយសង្គ្រាម និងចាត់ទុកជាមេរៀនដើម្បីចៀសវាងការដើរជាន់ដានចាស់ ។ យ៉ាងណាមិញ ការថែរក្សាសណ្តាប់ធ្នាប់ពិភពលោកមិនមែនស្ថិតនៅលើដៃរបស់ប្រទេសណាឬបុគ្គលណាមួយនោះទេតែត្រូវមានការចូលរួមពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។ពាក្យចាស់ពោលថា«ចង្កឹះមួយបាច់កាច់មិនបាក់»បើចង់រស់នៅក្រោមដំបូលសន្តិភាពអ្វីដែលគួរធ្វើគឺការរួមសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រងការខ្វែងគំនិតដោយសន្តិវិធីតែមិនមែនអាងលើកម្លាំងបាយទៅសម្លុតកំហែងឬគាបសង្កត់ឱ្យអ្នកដទៃធ្វើតាមគំនិតរបស់ខ្លួននោះឡើយ។

ជាការពិតណាស់ការដែលប្រទេសចិនអាចទទួលបានសមិទ្ធផលដ៏ធំធេងដូចសព្វថ្ងៃ និងមានសុខសន្តិភាពពេញលេញ គឺដោយសារការបូជាឈាមស្រស់សឹងតែអាយុជីវិតរបស់វីរជនជំនាន់មុនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានហេតុនេះប្រទេសចិនមិនត្រឹមតែប្រកាន់ខ្ជាប់ការថែរក្សានិងឱ្យតម្លៃយ៉ាងលើសលប់ចំពោះសន្តិភាពក្នុងប្រទេសខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏បានខិតខំរួមចំណែករបស់ខ្លួនក្នុងការគាំពារស្ថិរភាពនិងសន្តិភាពពិភពលោកផងដែរ។ ក្នុងនោះក្រៅពីការជួយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួចឱ្យស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិប្រទេសចិនក៏បានចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិច្រើនបំផុតដែលជាផ្នែកមួយនៃការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសន្តិភាពពិភពលោក។ បច្ចុប្បន្ន ស្របនឹងការងើបឡើងនៃប្រទេស«សកលខាងត្បូង» (បណ្តុំនៃប្រទេសកំពុងអភិវឌ្ឍន៍)ដែលនាំមុខដោយប្រទេសចិន សំឡេងគាំទ្រពហុភាគីនិយមនិងពិភពលោកពហុប៉ូលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការថែរក្សាការពារសណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទី ២ និងសុខសន្តិភាពនៃពិភពលោក ។

អ្វីដែលគួររំលឹកផងដែរនៅខែមេសា ឆ្នាំ២០២២លោកស៊ីជីនភីងប្រធានរដ្ឋចិនបានលើកឡើង«គំនិតផ្តួចផ្តើមសន្តិសុខសកល»ដែលជាការរួមចំណែកជាពុទ្ធិនិងកម្លាំងចិនសម្រាប់ការជំរុញការអភិវឌ្ឍនិងការគាំពារសន្តិសុខនៃពិភពលោកដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ ជាពិសេសក្នុងអំឡុងពេលដែលលោក ស៊ី ជីនភីង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ប្រទេសទាំងពីរកម្ពុជានិងចិនបានចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីនិងការអនុវត្តគំនិតផ្តួចផ្តើមជាសាកលទាំងបី» ដោយភាគីកម្ពុជាបានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិន ។

សម្តេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញពាក្យ«អរគុណសន្តិភាព»ដើម្បីរំលេចពីសារៈសំខាន់លើសលប់នៃសន្តិភាពចំពោះមនុស្សយើងគ្រប់រូប។កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាមអាស្រ័យហេតុនេះប្រជាជនគ្រប់រូបមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងជ្រោះមរណាជាដាច់ខាតព្រោះមានសន្តិភាពទើបយើងអាចនិយាយពីរឿងអភិវឌ្ឍន៍និងភាពសុខសាន្តនៃសង្គម។

យើងមិនអាចបង្វិលកង់ប្រវត្តិសាស្ត្រឱ្យដើរថយក្រោយបានទេ ប៉ុន្តែយើងអាចចងចាំពីប្រវត្តិសាស្ត្រ ក្រេបយកបទពិសោធពីប្រវត្តិសាស្ត្រ និងចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដើម្បីចៀសវាងកុំឱ្យសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកើតឡើងជាថ្មី ។ មានតែការប្រឈមមុខយ៉ាងត្រឹមត្រូវនិងស្មោះត្រង់ចំពោះប្រវត្តិសាស្ត្រ ទើបអាចឆ្ពោះទៅរកអនាគតដែលប្រកបដោយវិបុលភាពនិងការអភិវឌ្ឍ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢