ទូតចិន៖ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជា ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេ
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥ថា៖ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជាបន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ។
ជាមួយការបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកបែបនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានលើកឡើងឱ្យដឹងដែរថា៖ ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
គួរបញ្ជាក់ថាក្នុងសង្រ្គាមតាមព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តម វ៉ាង វិនពីន បានចុះពិនិត្យទីតាំងដែលកងទ័ពថៃវាយប្រហារ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន វត្តអារាមជាច្រើនលើក។លើសពីនេះដោយឃើញពីទុក្ខលំបាកជនភៀសខ្លួន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានឧបត្ថម្ភដល់ជនភៀសសឹកកម្ពុជាក្នុងខេត្តឧត្តរមានជ័យផងដែរ។ បើតាមឯកឧត្តម វ៉ាង វិនពីន បានប្រកាសថាចិនផ្ដល់ជំនួយជាថវិកា១០ម៉ឺនដុល្លារសម្រាប់ជួយដល់ជនភៀសសឹករបស់កម្ពុជា ដែលកំពុងស្នាក់នៅក្នុងជំរុំភៀសខ្លួន ក្នុងខេត្តឧត្តរមានជ័យ។
ដោយឡែក ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន បានប្រកាសផ្ដល់ជំនួយជាថវិកាប្រមាណ៣លានដុល្លារទៀតដល់កម្ពុជាដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន ហើយកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ។គួរបញ្ជាក់ថាការប្រកាសផ្ដល់ជំនួយរបស់លោកប្រធានាធិបតីចិននេះគឺបានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីន ប្រទេសចិន៕