អ្នកនាំពាក្យនាយករដ្ឋមន្ត្រី៖ ចិនគាំទ្រ បទឈប់បាញ់រវាង កម្ពុជា-ថៃ និងប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន២០លានយ័នដល់កម្ពុជា

ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចិនគាំទ្របទឈប់បាញ់រវាង កម្ពុជា-ថៃ គាំទ្រយន្តការបទឈប់បាញ់របស់អាស៊ាន និងគាំទ្រការរៀបចំបង្កើតក្រុមសង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយម៉ាឡេស៊ីឱ្យបានឆាប់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានថ្លែងថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា មិត្តចិនគាំទ្រចំពោះកម្ពុជានៅក្នុងការកសាងនិងការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការលើខ្លួនឯង និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានាធិបតី ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន២០លានយ័នដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។

សូមរម្លឹកជូនថា កាលរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតី បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

ឯកឧត្តមប្រធានាធិបតីបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ៕

你可能还喜欢