សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា​ ចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា(CamTech)បានចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  ។ពិធីអនុស្សរណៈយោគយល់បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់ពី  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ​ក្រ​សួ​ងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍   អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសម្ព័ន្ធ កាណាឌីយ៉ា និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ។

អ្នកឧកញ៉ាពុង ឃាវសែបានលើកឡើងថា៖ តាមរយៈការចុះអនុស្សរណៈខាងលើនេះ គឺដើម្បីបង្កើតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ចំពោះការជួយគ្នាក្នុងកិច្ចការបច្ចេកទេស ស្រាវជ្រាវ និងផ្សព្វផ្សាយ។

អ្នកឧកញ៉ាមានប្រសាសន៍ថា៖សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ហៅកាត់ថា “ខេមតិច” ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនា​ឆ្នាំ២០១៨ ក្នុងគោលបំណង បំពេញតម្រូវការ ផ្នែកបច្ចេកទេស របស់កម្ពុជា និងដើម្បី​ផ្តល់​ឱកាសដល់​​យុវជនដែល​មាន​ទេពកោសល្យ​ ទទួលបាន​ការអប់រំ​កម្រិតខ្ពស់​នៅឧត្តមសិក្សា។

អ្នកឧកញ៉ាលើកឡើងទៀតថា៖យោងតាមការសិក្សាថ្មីៗនេះ និស្សិតដែលសិក្សាផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានត្រឹមតែ ២០% នៃនិស្សិតសាកលវិទ្យាល័យទាំងអស់នៅកម្ពុជា ខណៈនិស្សិតដែលសិក្សាមុខវិជ្ជាដូចជា ភាសា ធនាគារនិងហិរញ្ញវត្ថុ គណនេយ្យ    បដិសណ្ឋារកិច្ច មានចំនួនដល់ទៅ ៧៣% ។ បើតាមបទពិសោធន៍នៅបណ្តាប្រទេសអភិវឌ្ឍន៍នានា ជាពិសេសដូចជាប្រទេសជប៉ុន   ប្រទេសចិន ដែលលូតលាស់ខ្លាំង បានបង្ហាញយ៉ាងច្បាស់ថាធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

អ្នកឧកញ៉ាពុង ឃាវសែមានប្រសាសន៍ទៀតថា៖​សាកលវិទ្យាល័យខេមតិច​ ទទួលបានការ​គាំទ្រ​ពីសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា និងសហគ្រាសមួយចំនួនទៀត ក្នុងគោលបំណង អភិវឌ្ឍន៍​យុវជន​កម្ពុជា  លើ​វិស័យ​វិទ្យាសាស្ត្រ  និងបច្ចេកវិទ្យា  និងលើកកម្ពស់ ​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយមាន​ភាព​ជាដៃគូផ្នែក​បច្ចេកទេសជា​មួយ​នឹងសាកលវិទ្យាល័យល្បីៗនៅតំបន់អាស៊ី។ ក្នុង​ន័យនេះ ខេមតិច នឹង   បណ្តុះបណ្តាល​និស្សិតរបស់ខ្លួននូវ ទ្រឹស្តីផ្សារភ្ជាប់ជាមួយនឹងការអនុវត្តន៍ ​ដែលបង្កើន​ឱកាស​ទទួលបាន​ការងារខ្ពស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងថ្នាក់តំបន់។ ក្នុងនោះដែរ យើងបានសហការ និងប្រើប្រាស់ធនាគារយើងមួយចំនួន ដើម្បីអាចគាំទ្រនិស្សិតក្នុងតម្រូវការហិរញ្ញវត្ថុ ដូច្នេះនិស្សិតអាចមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមបាន។

អ្នកឧកញ៉ាពុង ឃាវសែបានលើកឡោះងដូច្នេះថា៖សាកលវិទ្យាល័យខេមតិច នឹងធ្វើជាគ្រឹះស្ថានថ្នាក់ឧត្តមសិក្សាដែលកែប្រែ ស្ដង់ដានៃការអប់រំបច្ចុប្បន្ន ដោយនាំមកនូវចំណេះដឹង និងនវានុវត្តន៍លំដាប់ពិភពលោក ចូលមកក្នុងប្រទេសឱ្យទាន់ពេលវេលា ផ្តល់នូវបរិយាកាសដ៏ត្រឹមត្រូវដល់យុវជនកម្ពុជា និងនិស្សិតអន្តរជាតិ​ ដែលមានទេពកោសល្យ។

អ្នកឧកញ៉ាសង្ឃឹមយ៉ាងម៉ុតមាំថា តាមមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវផ្លែផ្កា អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងជំរុញនូវការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសលើវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៍ ។

អ្នកឧកញ៉ាមានប្រសាសន៍ថា៖​យើងរំពឹងថាតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងបង្កើនសមត្ថភាព ចំណេះដឹងស្រាវជ្រាវបច្ចេកវិទ្យា ដល់មន្ត្រីក៏ដូចជាក្រុមការងារនៃភាគីទាំងពីរ និងផ្សព្វផ្សាយទូលំទូលាយអំពីសារៈសំខាន់នៃវិជ្ជាជីវៈ វិទ្យាសាស្ត្របច្ចេកវិទ្យា​​ វិស្វកម្មនិងគណិតវិទ្យា ដល់យុវជន កម្ពុជា ដើម្បីសម្រេចបាននូវផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

​យោងតាមសេចក្តីថ្លែងការណ៍របស់ក្រ​សួ​ងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍បានបញ្ជាក់ថា៖ឯក   ឯកឧត្តមចម ប្រសិទ្ធ និងអ្នកឧកញ៉ាពុង ឃាវសែ​ បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញលេញ និងទឹកចិត្តរីករាចំពោះអនុស្សរណៈយោគយល់គ្នានេះ ។

ឯកឧត្តមចម ប្រសិទ្ធ និងអ្នកឧកញ៉ាពុង ឃាវសែបានណែនាំអោយស្ថាប័នទាំងពីរសហការគារយ៉ាងជិតស្និទ្ធ ដើម្បីលើកតម្កើងគុណតម្លៃនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលធានាសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ។

​​      ក្នុងសេចក្តីប្រកាសបានលើកឡើងថា៖សាកលវិទ្យាល័យខេមតិច និងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  នឹងធានាកិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍អត្ថប្រយោជន៍ទៅវិញទៅមកលើចំណុចអាទីភាពរួមគ្នាមួយចំនួនដូចជា៖ការបណ្តុះបណ្តាល និងការអភិឌ្ឍន៍សមត្ថភាពបុគ្គលិករួមគ្នា រវាងភាគីទាំងពីរនៅបីកម្រិត៖ កម្រិតបច្ចេកទេស កម្រិតគ្រប់គ្រងថ្នាក់កណ្តាល និងកម្រិតគ្រប់គ្រងជាន់ខ្ពស់ ។ការស្រាវជ្រាវអនុវត្តន៍ និងការស្រាវជ្រាវគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ និងធានានវានុវត្តន៍នៃសហគ្រាសខ្នាតតូច និងមធ្យម ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងផ្សាភ្ជាប់សហគ្រាសទៅនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវជាន់ខ្ពស់ រួមទាំងសាកលវិទ្យាល័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ជាដៃគូចម្បង ។ ការអនុវត្តគោលនយោបាយលើកកម្ពស់ និងធានានវានុវត្តន៍សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈគំរួសហប្រតិបត្តិការរវាងវិទ្យាល័យ សហគ្រាស និងរដ្ឋាភិបាលជាដើម ។

相关新闻