កម្ពុជា-កាណាដាគ្រោងពង្រីកការវិនិយោគ លើវិស័យថាមពល ប្រេង និង រ៉ែ

កម្ពុជានិងកាណាដាមានគម្រោងពង្រឹង និងពង្រីកសហប្រតិបត្តិការផ្នែកថាមពល ប្រេង និង រ៉ែជាមួយគ្នា។

ជំនួបការងាររវាងលោក កែវ រតនៈ និងលោក Paul J. Thoppil

- Advertise -

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយលោក Paul J. Thoppil តំណាងពាណិជ្ជកម្មតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា ភាគីទាំងពីរ​បានពិភាក្សាលើការសហការផ្នែកថាមពល ប្រេង​ និង រ៉ែ ដោយបង្ហាញពីឆន្ទៈក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះបន្ថែមទៀត ដូចជាការងារបណ្តុះបណ្តាលនិងវិនិយោគរវាងរដ្ឋនិងរដ្ឋ ហើយត្រៀមបន្តពិភាក្សាបង្កើតក្របខណ្ឌការងារជាយុទ្ធសាស្ត្រមួយចំនួន។​

ភាគីកាណាដាវាយតម្លៃខ្ពស់ចំពោះភាគរយថាមពលបៃតងខ្ពស់របស់កម្ពុជានាពេលបច្ចុប្បន្ន​ ជាពិសេសការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យប្រកបដោយចីរភាពនិងសមធម៌។ ភាគីកាណាដា ទទួលស្គាល់អំពីសក្ដានុពលរបស់កម្ពុជា ដូចជាកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ការបើកចំហរនៃរបបលើកទឹកចិត្តវិនិយោគ និង កម្លាំងពលកម្មវ័យក្មេង។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)​ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៤នេះ ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-កាណាដាសម្រេចបានទឹកប្រាក់ជាង ៧៨២ លានដុល្លារអាម៉េរិក កើនឡើង២៧,៧% បើធៀបនឹង​រយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងនោះកម្ពុជានាំទំនិញទៅកាណាដា មានជាង ៧៣៦ លានដុល្លារអាម៉េរិក ហើយ​ទំនិញកាណាដានាំចូលមកកម្ពុជាមានតម្លៃជាង ៤៦ លានដុល្លារអាម៉េរិក៕

你可能还喜欢