ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់ Miss Cosmo Cambodia ២០២៥ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន

វគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់Miss Cosmo Cambodia 2025  ដែលបានរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលរួម និងទស្សនិកជន ខណៈត្រូវបានរំពឹងទុកយ៉ាងខ្ពស់ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងឧស្សាហកម្មបវរកញ្ញារបស់ប្រទេសកម្ពុជា ដោយបានប្រមូលផ្តុំនូវបវរកញ្ញាសម្រស់លំដាប់កំពូល មុខមាត់ថ្មី រួមទាំងអ្នកឧបត្ថម្ភដែលបំបែកកំណត់ត្រា។

 

នេះគេអាចចាត់ទុកបានថាជាកម្មវិធីប្រកួតសម្រស់លើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញដៃគូរសហការដ៏ខ្លាំងបែបនេះ។  ព្រឹត្តិការណ៍នេះបានធ្វើឱ្យ Miss Cosmo Cambodia ក្លាយជាវេទិកាឈានមុខគេសម្រាប់ការពង្រឹងសមត្ថភាព សម្រស់ និងតំណាងទូទាំងពិភពលោក។ ការប្រកួតប្រជែងនៅឆ្នាំនេះដែរ គឺស្វាគមន៍ការវិលត្រឡប់មកវិញរបស់បេក្ខនារីដែលធ្លាប់បានជាប់ចំណាត់ថ្នាក់ក្នុងការប្រកួត រួមជាមួយនឹងមុខស្រស់ និងមុខមាត់ថ្មីដែលត្រូវបានកំណត់ដើម្បីកំណត់ស្តង់ដារភាពស្រស់ស្អាតឡើងវិញ ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ទេពកោសល្យចម្រុះ និងការតស៊ូមតិប្រកបដោយប្រសិទ្ធភាព ការប្រយុទ្ធដណ្តើមមកុដមិនដែលរំភើបជាងនេះទេ។

 

តាមការឱ្យដឹងពីលោកស្រី Fiffany Vu នាយិកាជាតិ (National Director)របស់ Miss Cosmo Cambodia បានលើកឡើងនូវចំណាប់អារម្មណ៍ថា ក្នុងនាមជា ND មួយរូបលោកស្រីពិតជាមានភាពសប្បាយរីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង ចូលរួមទស្សនាដោយផ្ទាល់ និងតាមទូរទស្សន៍ និងផេកផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmo Cambodia យ៉ាងច្រើនកុះករ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ពិសេសលោកស្រី សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការយ៉ាងល្អជាមួយកម្មវិធីមួយនេះ។ គោលដៅរបស់យើងគឺបញ្ចូលនូវចំណុចដែលល្អបំផុតនៃពិភពលោកយើងទាំងពីរ។ យើងប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដាពិភពលោករបស់ Miss Cosmo Cambodia ដោយបានផ្តល់នូវការផលិតគ្រប់ដំណាក់កាលដែលមានគុណភាពខ្ពស់ បេសកកម្មជំរុញឱ្យមានសកម្មភាព និងវេទិកាដែលមានឥទ្ធិពល។

ចំណែកលោកជំទាវ កេន អច្ឆរ៉ា ម្ចាស់ផលិតផលក្រុមហ៊ុន Morea ដែលជាម្ចាស់ឧបត្តម្ភធំរបស់ Miss Cosmo Cambodia បានប្រាប់អ្នកសារព័ត៌មានថា សម្រាប់រាត្រីពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្នុងនាមជាគណៈកម្មការមួយរូបក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនេះគឺនាងខ្ញុំពិតជាមានមោទនភាពជាខ្លាំងសម្រាប់បេក្ខភាពគ្រប់រូបរបស់កម្ពុជានៅក្នុងរាត្រីនេះ ដែលគ្រប់គ្នាពោរពេញទៅដោយទេពកោសល្យ ទំនុកចិត្ត និងភាពក្លាហានដណ្ដើមយកម្កុដតែម្ដង។ ជាពិសេស នាងខ្ញុំទន្ទឹងរង់ចាំមើលបេក្ខភាពដែលមានទេពកោសល្យទាំងអស់ដែលនឹងបង្ហាញទេពកោសល្យ និងសមត្ថភាពរបស់គាត់មានទាំងអស់។

លោកជំទាវបានបញ្ជាក់បន្ថែមថា «ក្នុងនាមនាងខ្ញុំជាគណៈកម្មការមួយរូប សម្រាប់ការដាក់ពិន្ទុ ខ្លួននាងខ្ញុំផ្ទាល់តែងតែធ្វើតាមគោលការណ៍ដាក់ពិន្ទុរបស់ Miss Cosmo Cambodia ដែលជារួមមានការផ្អែកលើកត្តាសំខាន់ៗមួយចំនួន ដែលមានការវាស់វែងច្បាស់លាស់។ ចំណុចសំខាន់ៗរួមមាន ភាពជឿជាក់លើខ្លួនឯង ជំនាញទំនាក់ទំនង វត្តមានលើឆាក និងបុគ្គលិកលក្ខណៈទូទៅ ជាពិសេសសម្ថតភាពលើកឆាករបស់គាត់ ក្នុងថ្ងៃនេះ និង វគ្គ Final តែម្តង»។

លោកជំទាវម្ចាស់ផលិតផល Morea រូបនេះ បញ្ជាក់ទៀតថា «ចំពោះម្ចាស់មកុដនឹងក្លាយជា BA របស់ Morea ហើយលើសពីនេះទៀត យើងមិនកំណត់ត្រឹមតែអ្នកឈ្នះនោះទេ។ យើងនឹងផ្តល់ឱកាសដល់អ្នកឈ្នះម្នាក់សម្រាប់ពានរង្វាន់ “Grow Skin” ដែលយើងនឹងផ្តល់ឱកាសដល់ BA របស់ម៉ូរៀផងដែល។

ការប្រកួតប្រជែង Miss Cosmo Cambodia ២០២៥ គឺមិនគ្រាន់តែជាការប្រកួតប៉ុណ្ណោះទេ តែវាជាចលនាដែលអបអរសម្រស់ ភាពវៃឆ្លាត និងឥទ្ធិពលផងដែរ៕

ប្រភពពី៖ AKP

你可能还喜欢