រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ត្រីឱ្យបង្ហាញភាពជាគំរូក្នុងការអនុវត្តច្បាប់ និងរក្សានីតិរដ្ឋ
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥–ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តច្បាប់ដោយ តម្លាភាព និងគ្មានការលើកលែង ចំពោះបទល្មើសទាំងឡាយណាដែលផ្ទុយពីឆន្ទៈនៃច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសលើការអនុវត្តច្បាប់ចំពោះបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ»នៅទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី៤ មិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីមាន ភាពក្លាហានក្នុងការអនុវត្តច្បាប់ ទោះបីត្រូវប្រឈមនឹងការមិនពេញចិត្តពីជនល្មើសក៏ដោយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្ត្រីរាជការក្រសួងបរិស្ថានត្រូវតែ បង្ហាញភាពជាគំរូ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះហើយគឺជា ក្រមសីលធម៌ ក្នុងនាមជាមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្សពីរដ្ឋាភិបាល ហើយប្រាក់ទាំងនោះបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងផងដែរថា ក្រសួងបរិស្ថាននឹង ការពារចំពោះមន្ត្រីគ្រប់រូប ដែលបានអនុវត្តស្របតាមច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ។
ឯកឧត្តមបានលើកឡើងពីឧទាហរណ៍ជាក់ស្តែងក្នុងជំហានទី១នៃភាពស្អាតនៅលើគោក និងកំពុងបន្តយ៉ាងសកម្មភាពនូវភាពស្អាតក្នុងទឹក ដែលបានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួនចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយណា ដែលបានបញ្ចេញទឹកកខ្វក់ខុសច្បាប់។ ការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ បានទទួលបានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ឈរលើភាពជោគជ័យនេះហើយ ដែលជាកម្លាំងចិត្តរុញច្រានឱ្យការងារ សុក្រឹត្យកម្មបរិស្ថានកិច្ច សម្រេចទៅបានជាជំហានៗ និងជាដំណាក់កាល ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសបំផុតជូនចំពោះប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវ នីតិរដ្ឋ។ នេះជាការទទួលខុសត្រូវដ៏ធំធេងដែលទាមទារ ភាពស្មោះត្រង់ និងសុចរិតភាព នៅក្នុងការបំពេញការងារឱ្យមានការវិវឌ្ឍទៅមុខជានិច្ច។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមាន សាមគ្គីភាពផ្ទៃក្នុង រវាងមន្ត្រីរាជការទាំងអស់។ ការសាមគ្គីនេះទៀតសោត គឺដើម្បី តម្កល់ផលប្រយោជន៍ជាតិ ការពារ សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងថែរក្សា សុខភាពបរិស្ថាន ឱ្យបានគង់វង្ស ធានាបាននូវភាពស្អាត ភាពបៃតង និងចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិមាតុភូមិ៕
ប្រភព៖ ក្រសួងបរិស្ថាន