ស្ពានមិត្តភាពកម្ពុជា-ចិន ខេត្តក្រចេះសាងសង់បាន៩៦ភាគរយ និងគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ
ក្រចេះ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥– ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះដែលជាស្ពានមិត្តភាពកម្ពុជា-ចិនពេលនេះបានសាងសង់៩៦ភាគរយ ហើយគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរ សាកល្បងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយឱ្យរថយន្តប្រភេទតូចៗឆ្លងកាត់ជាបណ្តោះអាសន្នសិន។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅ ភូមិ បុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គ ខេត្ត ក្រចេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនឹងបញ្ចប់ការសាងសង់មុនកាលកំណត់។ដោយតាមការគ្រោងទុកស្ពាននេះនឹងសាងសង់បញ្ចប់ចំនួន៤២ខែ។ពេលនេះការសាងសង់លើស្ពានសុទ្ធសាធ៩៦ភាគរយ សម្រាប់ស្ពាននេះដែរមិនមែនតែស្ពានសុទ្ធសាធទេពោលគឺយើងមានផ្លូវសងខាងដោយខាងកើតមានផ្លូវ៧,៧គីឡូម៉ែត្រ និងខាង លិច៧,៨គីឡូម៉ែត្រ ហើយស្ពាននេះមានប្រវែង១៧៦១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា “បើយើងបូកសរុបទៅទាំងស្ពាន និងខ្នែងផ្លូវ៣១គីឡូម៉ែត្រ បើបូកសរុបទៅ៧០ភាគរយ ហើយចំពោះសាច់ស្ពានសុទ្ធសាធបាន៩៦ភាគរយ ។ចឹងយើងគ្រោងនឹងបើឱ្យប្រជាពលរដ្ឋយើងប្រើប្រាស់បណ្តោះអាសន្ននៅពេលភ្ជុំបិណ្ឌខាងមុខ តែយើងឱ្យរថយន្តតូចៗឆ្លងកាត់ទេ”។
គួរបញ្ជាក់ថាការចំណាយសាងសង់ស្ពាននេះក្នុងថវិកាសរុបជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ បានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ស្ពាននេះដែរប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ខាងមុខ៕