ប្រតិភូវិទ្យាស្ថានវប្បធម៌ចិន ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ការអប់រំភាសាចិននៅកម្ពុជា
ភ្នំពេញ៖ លោក ស៊ឺ យ៉ង់ឈៀន (Xu Yongquan) អនុប្រធានវិទ្យាស្ថានវប្បធម៌ចិន បានដឹកនាំប្រតិភូចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអប់រំភាសាចិន និងកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជាច្រើនរូបក៏បានចូលរួមក្នុងជំនួបនេះផងដែរ។
លោក ស៊ឺ យ៉ង់ឈៀន បានរៀបរាប់ពីប្រវត្តិនៃការអភិវឌ្ឍន៍របស់វិទ្យាស្ថានវប្បធម៌ចិន និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ស្តារវប្បធម៌ចិន និងពង្រីកការអប់រំភាសាចិន។
លោកបានបញ្ជាក់ថា ការមកដល់លើកនេះគឺដើម្បីសិក្សាស្វែងយល់ពីជីវភាព និងការអភិវឌ្ឍន៍របស់ប្រជាជនចិន ព្រមទាំងស្វែងយល់ពីទំនាក់ទំនងចិន-កម្ពុជា ធ្វើឲ្យមិត្តភាពរវាងប្រទេសទាំងពីរកាន់តែប្រសើរ និងពង្រឹងការសហការរវាងវិទ្យាស្ថាន និងសមាគមនានា។
លោកឧកញ៉ា ជាសឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានមានប្រសាសន៍ថា សមាគមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ជាអង្គការដ៏សំខាន់មួយសម្រាប់ជនជាតិចិននៅក្រៅប្រទេស និងប្រជាជនកម្ពុជាដែលមានខ្សែស្រឡាយចិន ហើយមានគោលបំណងគាំទ្រការពង្រឹងមិត្តភាពចិន-កម្ពុជា បម្រើសហគមន៍ចិននៅកម្ពុជា បង្រួបបង្រួមសហគមន៍ចិនទាំងអស់នៅកម្ពុជា។
លោកឧកញ៉ាបានបន្តថា សមាគមក៏បានលើកកម្ពស់ការអប់រំវប្បធម៌ចិន និងគាំទ្រយ៉ាងពេញទំហឹង នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា។
យោងតាមការចុះផ្សាយព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះ មានជនជាតិចិន និងប្រជាជនមានខ្សែស្រឡាយចិនជាង ១លាននាក់នៅក្នុងប្រទេសកម្ពុជា ដែលស្មើនឹងប្រមាណ ៨% នៃចំនួនប្រជាជនសរុប ហើយពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ ការមកដល់របស់ប្រតិភូវិទ្យាស្ថានវប្បធម៌ចិន នឹងជួយជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរលើវិស័យដូចជាវប្បធម៌ និងការអប់រំជាដើម៕