រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ទទួលជើងហោះហើរត្រង់រវាង រាជធានីរីយ៉ាដ និងរាជធានីភ្នំពេញតាមរយៈក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines )

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Sarah Lotfi Lajam ជា Group Managing Director (Singapore, Malaysia and Thailand) របស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines ) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរយោបល់ពី ការពង្រឹងកិច្ចសហការតភ្ជាប់ទេសចរណ៍រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតរបស់ក្រុមហ៊ុន។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពី សក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវគម្រោងផែនការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។

- Advertise -

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានគូសរំលេចជូនក្រុមហ៊ុនពីកិច្ចសហការគាំទ្រ របស់ក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍ដំណើរ Famtrip ដែលរៀបចំដោយក្រុមហ៊ុនមកកម្ពុជា។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ (Saudia Airlines) ដ៏ធំមួយនេះដែលបានដឹកជញ្ជូនអ្នកដំណើរជាង ៣៥លាននាក់ទៅកាន់គោលដៅចំនួន១៤៨ ក្នុងប្រទេសចំនួន១៤០ ទាំងទ្វីបអ៊ឺរ៉ុប អាស៊ី អូសេអានី អាហ្រ្វិក និងអាមេរិក ពិតជាជួយឱ្យមានកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕

你可能还喜欢