លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ១០០ភាគរយបន្ថែមលើចិន និងគំរាមលុបចោលគម្រោងកិច្ចប្រជុំកំពូលជាមួយលោក ស៉ី ជីនពីង

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ១០០ភាគរយបន្ថែមទៀត លើប្រទេសចិន ហើយថែមទាំងគំរាមលុបចោលគម្រោងបើកកិច្ចប្រជុំកំពូល ជាមួយលោក ស៉ី ជីនពីង ទៀតផង ខណៈវាគឺជាដុតបញ្ឆេះសាជាថ្មីឡើងវិញ នូវសង្រ្គាមពាណិជ្ជកម្មរបស់លោកជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់​បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខាន់ជាខ្លាំង ក្នុងការផលិតរបស់របរគ្រប់យ៉ាង រាប់ចាប់តាំងពីស្មាតហ្វូននិងយានជំនិះអគ្គិសនី រហូតដល់បរិក្ខារយោធា និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ នៅលើពិភពលោក ចិនគឺជាប្រទេសដែលនាំមុខដាច់គេ ក្នុងការផលិតនិងកែច្នៃវត្ថុធាតុនេះ។

មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បានធ្វើឱ្យធ្លាក់ក្នុងភាពស្រពេចស្រពិល នូវគម្រោងរបស់លោកជួបជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC ក្នុងខែនេះផងដែរ។ ប្រសិនបើកើតឡើង វានឹងជាការជួបមុខគ្នាលើកដំបូង រវាងមេដឹកនាំមហាអំណាចទាំងពីរ គិតចាប់តាំងពីលោក ត្រាំ បានត្រឡប់មកសេតវិមានជាថ្មី កាលពីដើមឆ្នាំនេះ។

- Advertise -

គួរបញ្ជាក់ថា ក្រោមបទឈប់បាញ់សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ទំនិញរបស់ចិនបច្ចុប្បន្ន ប្រឈមការយកពន្ធពីអាមេរិក ក្នុងអត្រា៣០ភាគរយ ខណៈពន្ធសងសឹកដែលទីក្រុងប៉េកាំង បានដាក់លើទំនិញអាមេរិកគឺ១០ភាគរយ៕

你可能还喜欢