ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ ឯកភាព ៣ចំណុចសំខាន់ៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។

ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុច​សំខាន់ៗ ចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ទី១.ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ លោកជំទាវ គីម ជីណា បានសន្យាថា ភាគីកូរ៉េនឹងផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធ ជាមួយមន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃកម្ពុជា។

- Advertise -

២.ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការផ្ដល់ជូននេះថា ជាស្នូលសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ។ កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាម​ឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាម​បណ្ដាច្រកទ្វារព្រំដែន។

៣.ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ គីម ជីណា បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។

ក្នុងជំនួបនាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកទស្សនកិច្ច លោកជំទាវ គីម ជីណា និងសហការី នៅព្រះរាជាណាចក្រកម្ពុជា ថាជា សកម្មភាពគំរូ និងឆ្លុះបញ្ចាំងពីភាពប្រាកដនិយម ក្នុងកិច្ចសហការប្រតិបត្តិការដោះស្រាយបញ្ហារួម ពីព្រោះជាក់ស្ដែងណាស់ ការខិតខំដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះ មិនមែនតែសម្រាប់ប្រជាជនកូរ៉េ ឬប្រជាជនកម្ពុជានោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិលើពិភពលោកទាំងមូលផងដែរ។

你可能还喜欢