ប្រតិភូធុរកិច្ចមកពីសមាគមពាណិជ្ជកម្មខេត្តកានស៊ូ ចូលជួបសម្តែងការគួរសមជាមួយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា
ភ្នំពេញ៖ ប្រតិភូធុរកិច្ចមកពីសមាគមពាណិជ្ជកម្មខេត្តកានស៊ូ បានមកទស្សនកិច្ចសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និងជួបពិភាក្សាការងារជាមួយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

លោកឧកញ៉ា ពុង ឃាវសែ បានលើកឡើងអំពីប្រវត្តិអភិវឌ្ឍន៍របស់សមាគម ដោយសង្កត់ធ្ងន់ថា ក្រោមនយោបាយសមភាពរបស់រដ្ឋាភិបាលកម្ពុជា ប្រជាជនមានខ្សែស្រឡាយចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងកិច្ចការរដ្ឋាភិបាល។

លោកឧកញ៉ាបានបញ្ជាក់ទៀតថា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលតំណាងឱ្យប្រជាជនមានខ្សែស្រឡាយចិននៅកម្ពុជារាប់លាននាក់ មានឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-កម្ពុជាយ៉ាងសកម្ម និងទាញយកអត្ថប្រយោជន៍ផ្នែកភាសា និងវប្បធម៌ ដើម្បីសម្រួលដល់ការបង្កើតការវិនិយោគរបស់ជនជាតិចិននៅកម្ពុជា។

លោក ម៉ៅ អ៊ីន(Mao Yun) អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តកានស៊ូ បានថ្លែងថា ដំណើរទស្សនកិច្ចនេះគឺជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” និងមានគោលបំណងជួយសហគ្រាសកានស៊ូ ពង្រីកការយល់ដឹងអន្តរជាតិផងដែរ។
លោកបានថ្លែងអំណរគុណដល់លោកឧកញ៉ា ពុង ឃាវសែ ចំពោះពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានអញ្ជើញតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទៅទស្សនកិច្ចខេត្តកានស៊ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌រវាងភាគីទាំងពីរ។

គួរបញ្ជាក់ដែរថា អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាច្រើនរូប និងតំណាងមកពីធនាគារកាណាឌីយ៉ា ក៏បានចូលរួមក្នុងជំនួបនេះផងដែរ៕ (សិរី)

