សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Hong Leong Manufacturing Group
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក DATUK KWEK LENG SAN បានលើកឡើងអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កម្មន្តសាល និង បច្ចេកវិទ្យា និងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេស និងតំបន់មួយចំនួនផងដែរ រួមមានប្រទេសចិន អង់គ្លេស ទីក្រុងហុងកុង និង ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។
លោកបានបន្ថែមថា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារនៅកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេលជាង ១០ ឆ្នាំហើយ។ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជា ក្នុងរយៈពេលជាង ១ ទសវត្សរ៍នេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពល នៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា ហើយក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព នៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
សម្ដេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព មានភាពប្រកួតប្រជែង និង មានក្របខណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយ នឹងការផ្ដល់នូវការលើកទឹកចិត្តជាច្រើនថែមទៀតដល់វិស័យឯកជន។ សម្ដេចបានបន្ថែមទៀតថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សារតំបន់ និងសកលលោក តាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ហើយរាជរដ្ឋាភិបាលបានត្រៀមជាស្រេច ដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួលដល់ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានាដែលបាន និងកំពុងវិនិយោគនៅកម្ពុជា៕
评论被关闭。