ចិនផ្តល់ជំនួយឥតសំណង ៤,៤ លានដុល្លារដល់គម្រោងលុបបំបាត់មីននៅកម្ពុជារយៈពេល ១ ឆ្នាំ

រដ្ឋាភិបាល​ចិនបានប្រកាស​ផ្តល់ជំនួយ​ឥតសំណង​ចំនួន ៤,៤ លាន​ដុល្លារ​អាម៉េរិក ដល់មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីនកម្ពុជា (CMAC) សម្រាប់​រយៈពេល ១ ឆ្នាំ​ ក្នុង “គម្រោង​ជំនួយចិន​លុបបំបាត់​គ្រាប់មីន​នៅកម្ពុជា”។

ចិនបាន​ប្រកាស​ផ្តល់ជំនួយ​ឥតសំណង​ចំនួន ៤,៤ លានដុល្លារនេះ ក្រោយទីភ្នាក់ងារ​សហរដ្ឋអាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ប្រកាស​ផ្អាក​ជំនួយ​សម្រាប់​លុបបំបាត់​មីននៅកម្ពុជាតាមបទបញ្ជា​របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាម៉េរិក។

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​អគ្គនាយក CMAC បានឱ្យដឹង​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា៖ នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥ រដ្ឋាភិបាល​ចិនបាន​សម្រេច​ផ្តល់ជំនួយ​ឥតសំណង​ជូនរាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ថវិកា​សរុប​ចំនួន ៤,៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់ CMAC ​ក្នុងការ​បោសសម្អាត​មីន​នៃ “គម្រោង​ជំនួយ​ចិនលុបបំបាត់​គ្រាប់មីន​នៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection) សម្រាប់​រយៈពេល ១២ ខែ​ (១​ មីនា​ ២០២៥-២៨ កុម្ភៈ​ ២០២៦) ដោយធ្វើប្រតិបត្តិការ​បោសសម្អាត​មីននៅខេត្តចំនួន ៧ រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ​ និង (មណ្ឌលសុនខ) ខេត្តកំពង់ឆ្នាំង​។

លោក ហេង រតនា បានឱ្យដឹង​ទៀតថា តាមរយៈ​គម្រោង​ជំនួយនេះ ក្រៅពី​គាំទ្រ​ដល់​សកម្មភាព​កម្ចាត់​មីន វាក៏នឹង​គាំទ្រ​ដល់អ្នកជំនាញ​បច្ចេកទេស​ជាង ៤០០ នាក់​របស់​ CMAC និងត្រូវ​អនុវត្ត​កិច្ចប្រតិបត្តិការ​សកម្មភាព​សំខាន់ៗ​មួយចំនួន​ទៀត ដូចជា៖ ១. ការបោសសម្អាត​ផ្ទៃដី​ដែលមាន​បញ្ហា​គ្រាប់មីន និងសំណល់​យុទ្ធភណ្ឌ​សល់ពី​សង្គ្រាម​ដែលមិនទាន់​ផ្ទុះ​ចំនួន​ជាង ៣ ៤០០ ហិកតា។ ២. ការស្រាវជ្រាវ​ព័ត៌មាន​សំណល់​យុទ្ធភណ្ឌ​សល់ពី​សង្គ្រាម​ដែលមិនទាន់​ផ្ទុះ និងគ្រាប់បែក​ចង្កោម​តាមខេត្ត​គោលដៅ​ខាងលើ។ ៣. ពង្រឹង​សមត្ថភាព​វិទ្យាស្ថាន​បច្ចេកទេស​សុនខ។ ៤. ពង្រឹង​សមត្ថភាព​ថ្នាក់ក្រោមជាតិ​លើការ​អប់រំ​គ្រោះថ្នាក់​ដោយសារមីន និងសង្គ្រោះ​ជនពិការ​ដោយសារមីន។

លោកបន្ថែមថា គម្រោង​ជំនួយ​ចិនលុបបំបាត់​គ្រាប់មីន​នៅកម្ពុជា​​ក្នុងឆ្នាំ​២០២៥ នេះ​ គឺជា​ជំនួយ​ឆ្នាំទី៣ នៃដំណាក់កាល​ទី៣ ដែលមាន​កញ្ចប់​ថវិកា​សរុប​ចំនួន ១៣,២ លាន​ដុល្លារ។

ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់​តំណែង​ជាប្រធានាធិបតី​សហរដ្ឋអាម៉េរិក លោកបាន​ប្រកាស​ផ្អាកផ្ដល់​ជំនួយ​តាមរយៈ USAID ទៅកាន់​ភាគី​ទទួល​ជំនួយ​រយៈពេល ៣ ខែ។ ក្រោយ​ការផ្អាក​នេះ CMAC របស់​កម្ពុជា​ ក៏បាន​ប្រកាស​ផ្អាកកិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីនជាបណ្តោះ​អាសន្ន​រយៈពេល ៨៥ ថ្ងៃ (គិតពី​ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៥) នៅខេត្ត​ចំនួន ៨​ រួមមាន​ខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និង ខេត្តព្រៃវែង​ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី៕

你可能还喜欢