សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាអាទិភាពកំពូល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពជាច្រើនរបស់ក្រសួងសុខាភិបាល។
ការថ្លែងបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី គឺនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជំងឺមហារីកបានក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបានបង្កផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចជាតិ។ ដូច្នេះ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតនៃការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលបង្ហាញពីជំហរដ៏រឹងមាំ និងការប្តេជ្ញាចិត្តជាបន្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវមួយនេះ។
ដើម្បីធានាបាននូវភាពជោគជ័យនៃផែនការជាតិដ៏សំខាន់នេះ សម្តេចបវរធិបតី ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ឱ្យបន្តជំរុញការអនុវត្តផែនការនេះឱ្យបានខ្ជាប់ខ្ជួន តាមរយៈយន្តការពហុវិស័យដ៏មានប្រសិទ្ធភាព។ គោលបំណងសំខាន់គឺដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តផែនការនេះឱ្យបានជោគជ័យ សំដៅលើកកម្ពស់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងរួមចំណែកសម្រេចឱ្យបាននូវគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ក៏ដូចជាចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ។