ធនាគារជាតិនៃកម្ពុជា ពង្រីកយុទ្ធនាការចុះបង្កើនទំនុកចិត្តលើប្រាក់រៀល
ធនាគារជាតិនៃកម្ពុជា បានប្រកាសសហការណ៍ ជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើគ្រប់ខេត្ត-ក្រុង ដើម្បីរៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដោយទទួល ប្តូរក្រដាសប្រាក់រៀល «ចាស់ ទក់ រហែក» និងជំនួសវិញនូវក្រដាសប្រាក់ថ្មីដល់ពលរដ្ឋ។
សាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវានៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទូទាំងប្រទេស នៅក្នុងអំឡុងពេលនៃយុទ្ធនាការផ្លាស់ប្តូរប្រាក់រៀលនេះ។
សូមបញ្ជាក់ថា សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ ឬ រហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវានៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ និងនៅតាមក្រុមការងារចល័តដែលចុះទៅប្តូរលុយនៅតាមទីប្រជុំជនស្រុក នៅតាមទីផ្សារនិងសាលារៀន។
ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃ ក្រដាសប្រាក់លើសពី ៧០ភាគរយ។ យុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក នៅតាមបណ្តាខេត្តទូទាំងប្រទេសនេះ បានបង្កើនសកម្មភាព នៅក្នុងសប្តាហ៍នៃដើមខែឧសភា ឆ្នាំ២០២៥នេះ។
ការប្រមូលយកនូវក្រដាសប្រាក់ចាស់នេះក្នុងគោលបំណង ដើម្បីពង្រឹងជំនឿទុកចិត្តលើប្រាក់រៀល ព្រមទាំងដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងប្រទេសកម្ពុជា។
នេះជាកិច្ចប្រឹងប្រែងរបស់ធនាគារជាតិក្នុងគោលដៅបន្ត អនុវត្តគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលយ៉ាងសកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលជា យុទ្ធសាស្ត្រដើម្បីពង្រឹងអធិបតេយ្យភាព រូបិយវត្ថុជាតិ។
នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអោយដឹងថា ការចរាចរប្រាក់រៀលមានកំណើនជាមធ្យមក្នុងរង្វង់១៥ភាគរយ ក្នុងមួយឆ្នាំនៅពីរទសវត្សរ៍ចុងក្រោយនេះ។
សូមបញ្ជាក់ថា ការបង្កើនការប្រើប្រាស់ រូបិយប័ណ្ណជាតិនៅក្នុងសេដ្ឋកិច្ចនេះបានជួយពន្លឿនដំណើរការ បដិដុល្លារូបនីយកម្ម នៅក្នុងប្រទេសកម្ពុជា៕
MoINFO APP