សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាក៏ជាភស្តុតាងដ៏រស់រវើកមួយមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងើបឡើងវិញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ហើយមានការកសាងនិងអភិវឌ្ឍ បានធ្វើឱ្យកម្ពុជាក្លាយជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដែលក្នុងនោះសន្តិភាព គឺជាកត្តាចំបង។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពនឹកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សាររបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ ការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ នៃការថែរក្សាសន្តិភាព និងជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។
ក្នុងនោះសម្តេចធិបតី បានគូសរំលេចថា «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនៅពេលនេះ ទៅជាលំហរនៃភាពប្រសព្វមុខមួយ នៃការសន្ទនា ការយោគយល់ អត់ឱន ផ្សះផ្សានិងសន្តិភាព ។
សម្តេចធិបតី មានប្រសាសន៍ថា«ព្រឹត្តិការណ៍ថ្ងៃនេះ បានរំលឹកមនុស្សគ្រប់រូបថា ថ្វីត្បិតតែខណៈណាមួយដ៏ខ្មៅងងឹតបំផុតនៅក្នុងជីវិត ឬប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សាការបែកបាក់ និងការឈឺចាប់ ហើយប្រឹងប្រែងកសាងសាជាថ្មី នៅក្នុងន័យនេះ កម្ពុជា ក៏ជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដែលក្នុងនោះសន្តិភាព គឺជាមូលដ្ឋាន និងជាកត្តាចំបង»។
ជាមួយគ្នានេះ សម្តេចធិបតី សង្ឃឹមជឿជាក់ថា បូជនីយដា្ឋនចងចាំនៃកម្ពុជា នឹងក្លាយជាផ្នែកមួយ នៃការចងចាំជាសកល ហើយក៏ជាទីតាំងនៃមជ្ឈមណ្ឌលអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា នៅក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា នៅក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍក្រោមពាក្យស្លោក «អរគុណសន្តិភាព»ផងដែរ៕