5G-A៖ ការវិវត្តថ្មីនៃបច្ចេកវិទ្យាទូរគមនាគមន៍ចិន
ក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅទីក្រុងប៉េកាំងនិងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន ដែលប្រើប្រាស់ទូរស័ព្ទដៃស៊េរីថ្មី បានសង្កេតឃើញថា សញ្ញាសេវាទូរស័ព្ទដែលកន្លងមកបង្ហាញតែតួលេខ “5G” ស្រាប់តែលេចចេញអក្សរ A នៅពីក្រោយ ផ្លាស់ប្តូរទៅជា “5G-A”។ តើ 5G-A មានន័យដូចម្តេច? ហេតុអ្វីស្រាប់តែលេចចេញសញ្ញាបែបនេះ ?
5G-A មានឈ្មោះពេញថា 5G-Advanced ដែលជាកំណែអាប់ដេតនៃបច្ចេកវិទ្យា 5G ។ ជាសេវាអ៊ីនធឺណិតដែលកាន់តែលឿន កាន់តែមានភាពនឹងនរនិងកាន់តែវៃឆ្លាត ។ តាមទិន្នន័យសាកល្បង បច្ចេកវិទ្យាប្រព័ន្ធ 5G-A មានល្បឿនអ៊ីនធឺណិតលឿនជាងប្រព័ន្ធ 5G ធម្មតារហូតដល់ទៅ ១០ ដង ដែលអាចនិយាយបានថា ជាគន្លឹះមួយសម្រាប់ឈានទៅការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G នាពេលអនាគត ។
គួររំលឹកថា នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលលោក លី ឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំនេះ បានគូសរំលេចពីផែនការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G និង«ឧស្សាហកម្មនាពេលអនាគត»របស់ប្រទេសចិន ។ នេះបង្ហាញថា បច្ចេកវិទ្យា 5G របស់ចិនមានស្ថិរភាពនិងមានភាពចាស់ទុំ ហើយកំពុងឆ្ពោះទៅរកការបើកទំព័រថ្មីនៃប្រព័ន្ធ 6G ។
បើតាមការឱ្យដឹងពីអ្នកជំនាញពាក់ព័ន្ធ បច្ចុប្បន្ននេះ អ្នកផ្តល់សេវាទូរគមនាគមន៍ចិនបានចាប់ផ្តើមផ្គត់ផ្គង់សេវា 5G-A ដល់អ្នកប្រើប្រាស់ចំនួន ៥០ លាននាក់សម្រាប់ធ្វើតេស្តនៅទូទាំងប្រទេសចិន។ ក្នុងពេលដំណាលគ្នានេះ ការសាកល្បងដូចគ្នាក៏កំពុងដំណើរការនៅតំបន់ផ្សេងៗមួយចំនួន ដូចជាអឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ាផងដែរ ។ មានន័យថា មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប្រជាជននៅប្រទេសផ្សេងៗក៏នឹងឆាប់ៗនេះអាចប្រើប្រាស់សេវា 5G-A របស់ចិនដែលមានល្បឿនលឿន និងស្ថិរភាពជាងមុន ។
បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ ឬហៅថាយុគសម័យឌីថីថល ដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៃប្រទេសនីមួយៗបានធ្វើបរិវត្តកម្មឌីជីថលពីការអភិវឌ្ឍសេដ្ឋកិច្ចបែបប្រពៃណីទៅជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលទៀតសោត ក៏មិនអាចឃ្លាតពីការទ្រទ្រង់ដោយបណ្តាញទូរគមនាគមន៍នោះឡើយ ។ កន្លងមកបច្ចេកវិទ្យា 5G បានដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ធុរកិច្ចឌីជីថលអន្តរជាតិអោយមានល្បឿនលឿនរហ័ស ។
ក្នុងនាមជាតួអង្គដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ( AI ) កំពុងផ្លាស់ប្តូរជីវភាពមនុស្សយើងតាមវិធីផ្សេងៗ ។ ការប្រតិបត្តិនៃប្រព័ន្ធ AI ត្រូវមានប្រព័ន្ធ 5G ជាគ្រឺះ ហើយការលេចឡើងនៃ 5G-A នឹងធ្វើឱ្យរូបមន្តអភិវឌ្ឍន៍បែប« 5G-A បូក AI» កាន់តែបន្ស៊ីគ្នាថែមទៀត ដែលនឹងបង្កើតជាកម្លាំងចលករកាន់តែខ្លាំងក្លាសម្រាប់កំណើនការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល ។ តាមទិន្នន័យ ក្នុងចំណោមវិស័យសេដ្ឋកិច្ចធំៗទាំង ៩៧ ប្រភេទរបស់ចិន មាន៨៧ ប្រភេទធំៗបានរួមបញ្ចូលជាមួយប្រព័ន្ធ 5G ។ ចំណែក 5G-A នឹងជំរុញឲ្យមានការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងសេដ្ឋកិច្ចពិត និងសេដ្ឋកិច្ចឌីជីថល។
គោលដៅធំបំផុតនៃការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺដើម្បីបម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិ ។ ចាប់ពី 2G ដល់ 5G-A ចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងវិស័យទូរគមនាគមន៍ ហើយដើរឈានមុខគេ ដែលបានផ្លាស់ប្តូរទាំងជីវភាពរស់នៅប្រជាជន និងសេដ្ឋកិច្ចជាតិនៃប្រទេសជាច្រើន ។ ជាពិសេស ការចែករំលែកនូវបច្ចេកវិទ្យា 5G-A ដែលជាបច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយរបស់ចិនជាមួយបណ្តាប្រទេសនានាលើពិភពលោក មិនត្រឹមតែជាការរួមចំណែកដ៏សំខាន់សម្រាប់ការពន្លឿនការធ្វើបរិវត្តកម្មឌីជីថលរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកសម្រាប់ការតភ្ជាប់គ្នានៃពិភពលោក ដើម្បីសម្រេចបាននូវសមាហរណកម្មសេដ្ឋកិច្ចសកលផងដែរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន