ឯកឧត្តមស៊ុនចាន់ថុល៖ កម្ពុជាមានសន្លឹកបៀរចរចាជាមួយសហរដ្ឋអាមេរិកលើកទី២ដើម្បីទទួលបានអត្រាពន្ធទាបជាង៣៦ភាគរយទៀត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការជាមួយអាមេរិក បានបញ្ជាក់ថា យើងត្រូវថែរក្សាសន្លឹកបៀររបស់យើងដើម្បីយកទៅចរចាជាមួយសហរដ្ឋអាមេរិកដោយយើងដកម្ដងមួយៗ។ យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថានៅមិនទាន់អាចប្រាប់បាននៅឡើយអំពីសន្លឹកបៀរនៅក្នុងដៃរបស់យើង។
ទន្ទឹមនេះបើតាមឯកឧត្តមស៊ុនចាន់ថុលគឺយើងនឹងពន្យល់សហរដ្ឋអាមេរិកតើមូលហេតុអ្វីបានជាកម្ពុជាត្រូវការអត្រាពន្ធទាបគឺដោយសារកម្ពុជាជាប្រទេសក្រីក្រមិនទាន់បានចេញពីប្រទេLDCនៅឡើយទេគឺនៅខែ១២ឆ្នាំ ២០២៩ខាងមុខនេះទើបកម្ពុជាអាចចេញបាន។ ដូច្នេះសូមសហរដ្ឋអាមេរិកយោគយល់និងផ្ដល់ឱកាសឲ្យយើងខ្ញុំដើម្បីឲ្យយើងខ្ញុំអាចចេញពីប្រទេសក្រីក្របាននៅឆ្នាំ ២០២៩ ។ដូច្នេះសូមផ្ដល់ពន្ធអត្រាពន្ធទាបបំផុតជូនយើងដើម្បីយើងអាចបន្តទាក់ទាញអ្នកវិនិយោគថែមទៀត បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់កម្ពុជាយើងនឹងអាចចេញផុតពីភាពក្រីក្រ។ ទន្ទឹមនឹងរកវិធីចរចាទម្លាក់អត្រាពន្ធពីសហរដ្ឋអាមេរិក កម្ពុជាត្រូវបង្កើនការអំពាវនាវដល់អ្នកវិនិយោគ អោយនឹងនរចិត្ត ថែរក្សារោងចក្ររបស់ខ្លួននៅកម្ពុជា និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញការដោះស្រាយបញ្ហាពន្ធបដិកាជាមួយអាមេរិកនេះ។
ការអះអាងនេះបានធ្វើឡើងនៅក្នុងឱកាស សន្និសីទស្តីពីលទ្ធផលនៃកិច្ចចរចាពន្ធបដិការរបស់អាមេរិក ដែលកម្ពុជាសម្រេចបាន ៣៦ភាគរយនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញអោយដឹងថាយើងត្រូវតែខិតខំឲ្យអស់លទ្ធភាពរបស់យើងដើម្បីចរចាឲ្យបានអត្រាពន្ធទាបបំផុតដើម្បីផលប្រយោជន៍កម្ពុជាដើម្បីពង្រឹងពង្រីកពាណិជ្ជកម្មទ្វារភាគីកម្ពុជានិងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថាកិច្ចចរចាលើកទី១កន្លងមកនេះ បានធ្វើអោយអាមេរិកសម្រេចទម្លាក់អត្រាពន្ធរបស់កម្ពុជាពី៤៩ភាគរយមកនៅត្រឹម ៣៦ភាគរយដែលជាជោគជ័យដ៏ធំមួយ សម្រាប់ជំហានដំបូង។ យោងតាមលិខិតដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនសម្តេចបវរធិបតី អាមេរិកនឹងបើកឱកាសឱ្យកម្ពុជាទៅចរចាបន្ថែមទៀត ឱ្យបានមុនថ្ងៃទី១ ខែសីហា។ ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា ខណៈនេះក្រុមការងារចរចារបស់កម្ពុជា បានត្រៀមរួចជាស្រេចហើយ មិនថាទៅចរចានៅសហរដ្ឋអាមេរិកដោយផ្ទាល់ ឬតាមអនឡាញនោះទេ ដើម្បីបន្ថយអត្រាពន្ធបដិកាឱ្យបានទាបជាង៣៦ភាគរយ នេះទៀត។
ឯកឧត្តមស៊ុនចាន់ថុល បានលើកឡើងថា ការទទួលបានការបន្ថយអត្រាពន្ធពី៤៩ភាគរយមកនៅត្រឹម ៣៦ភាគរយនេះ គឺជាជោគជ័យណាស់ក្នុងការចរចា ហើយការទទួលបានជោគជ័យនេះ គឺដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់ តាមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សូមជម្រាបថា អត្រាកំណត់ពន្ធរបស់សហរដ្ឋអាមេរិកនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ក្នុងករណីយើងមិនមានការចរចាថែមទៀត នោះទេ៕