អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានឹងមិនចុះញ៉ម ក្រោមការបង្ខិតបង្ខំ ឬក៏បំភិតបំភៃរបស់ថៃឡើយ

ថ្ងៃទី ប្រតិកម្មតបទៅនឹងការប្រហារឥតឈប់ឈរនៅតាមបណ្ដោយព្រំដែនពីភាគីទាហានថៃ កម្ពុជាជាជនរងគ្រោះក្នុងសង្រ្គាម បានវាយបកត្រឡប់ទៅវិញដោយផ្ដោតតែលើទីតាំងយោធាថៃ ដើម្បីការពារខ្លួន និងបានព្រមាន យោធាថៃ ដោយមិនខ្លាចញញើតឡើយ។ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាមានសិទ្ធិវាយប្រហារការពារខ្លួនស្របតាមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយកងយោធពលខេមរភូមិន្ទ បានធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ អត់ធ្មត់បំផុត ក្នុងការអនុវត្តសិទ្ធិសំដៅការពារទឹកដីនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់សាឡើងវិញនូវសិទ្ធិការពារកម្ពុជា ដូចមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនទោះក្នុងតម្លៃណាក៏ដោយ ដោយឈរលើគោលការណ៍តែមួយគត់ គឺគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតទៅលើគោលដៅយោធាថៃ មិនមានគោលដៅផ្ដោតលើជនស៊ីវិលណាមួយឡើយ ព្រោះព្រះរាជាណាចក្រកម្ពុជាគឺជនរងគ្រោះនៃការរំលោភបំពានរបស់ភាគីថៃដែលបើកការវាយប្រហារមកលើកម្ពុជាមុន។ ទន្ទឹមនេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានព្រមានភាគីថៃថា«កម្ពុជានឹងមិនចុះញ៉ម ក្រោមការបង្ខិតបង្ខំ ឬក៏បំភិតបំភ័យ ទោះបីក្នុងទម្រង់ណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយនិងការពារទឹកដី សេចក្ដីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនដោយមិនងាករេ ទោះក្នុងតម្លៃណាក៏ដោយ»។

- Advertise -

សូមរម្លឹកជូនថា ចាប់តាំងពីថ្ងៃទី២៤ឈានចូលដល់ថ្ងៃទី២៥ ខែកក្កដានេះ កងទ័ពថៃបានធ្វើការវាយប្រហារមកលើកម្ពុជាមុន ដោយប្រើគ្រាប់បែកបង្កោម យន្តហោះដ្រូនដើម្បីទម្លាក់គ្រាប់បែក និងយន្តហោះF 16 ដោយបានវាយមកលើ៨ទីតាំងគឺ តំបន់មុំ៣ តំបន់តាមាន់ធំ, តំបន់តាក្របី, តំបន់ភ្នំទ្រព្យ, វាលឥន្ទ្រី, តាថាវ, ភំ្នខ្មោច, និងអានសេះ-អូផ្កាស្នេហ៍៕

你可能还喜欢