ការស្ទង់មតិបង្ហាញពីចំណងមិត្តភាពមានភាពស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការពហុវិស័យ
នៅខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (CMSRRC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើការស្ទង់មតិមហាជនរួមគ្នា។ លទ្ធផលបង្ហាញថា ឥទ្ធិពលរបស់ចិនលើកម្ពុជាគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងវិស័យជាច្រើនទៀត ដោយបានជួយពង្រឹងគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ និងចាក់បញ្ចូលកម្លាំងរុញច្រានជាបន្តបន្ទាប់ទៅក្នុងវិបុលភាពរបស់កម្ពុជា។
សហប្រតិបត្តិការសេដ្ឋកិច្ច៖ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រឹងឥទ្ធិពល
ក្នុងវិស័យសេដ្ឋកិច្ច ចិនបានក្លាយជាដៃគូសំខាន់បំផុតរបស់កម្ពុជា។ របាយការណ៍របស់វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) បានបង្ហាញថា ជាង ៧០% នៃយុវជន និងអ្នកវ័យកណ្តាលនៅកម្ពុជាយល់ថា ប្រទេសកំពុងដើរលើផ្លូវអភិវឌ្ឍន៍ត្រឹមត្រូវ ដោយសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិនដើរតួនាទីយ៉ាងសំខាន់។ សហគ្រាសចិនបានចូលរួមយ៉ាងទូលំទូលាយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ផ្លូវសរុប ៦៥% និងប្រព័ន្ធទឹកភ្លើងទាំងអស់នៅក្នុងប្រទេស ត្រូវបានសាងសង់ដោយជំនួយពីចិន។ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុក្លាយជាគម្រោងស្នាដៃរបស់គំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៅកម្ពុជា ដែលបានធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់កម្ពុជា។ បរិមាណពាណិជ្ជកម្មទ្វេភាគីចិន-កម្ពុជាបន្តកើនឡើង ដោយនៅឆ្នាំ២០១៩ ឈានដល់ ៤.០៧ ពាន់លានដុល្លារ កើនឡើង ១២,៦% ធៀបនឹងឆ្នាំមុន។ ក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ចិនផ្តល់ទីផ្សារដ៏ធំដល់ផលិតផលកម្ពុជា។
ការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ៖ ការពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឥទ្ធិពល
ក្នុងវិស័យនយោបាយ ប្រទេសទាំងពីរបានរក្សាការជឿទុកចិត្តគ្នាទៅវិញទៅមក និងទំនាក់ទំនងសហប្រតិបត្តិការល្អ។ ការស្ទង់មតិធ្វើឡើងដោយមូលនិធិ Konrad-Adenauer នៃប្រទេសអាឡឺម៉ង់ និងក្រុមហ៊ុនពិគ្រោះយោបល់អន្តរជាតិ Kantar បានបង្ហាញថា ៣៨% នៃអ្នកឆ្លើយតបយល់ថា ចិនគឺជាដៃគូនយោបាយការបរទេសល្អបំផុតរបស់កម្ពុជា ដែលឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមប្រទេសដៃគូទាំងអស់។ ប្រទេសទាំងពីរមានការធ្វើទស្សនកិច្ចកំពូលជាញឹកញាប់ មានការពិភាក្សាស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី កិច្ចការតំបន់ និងអន្តរជាតិ ដែលធានាឱ្យកិច្ចសហការមានលក្ខណៈយុទ្ធសាស្ត្រ និងឆ្ពោះទៅមុខ។ នៅលើឆាកអន្តរជាតិ ចិនបានគាំទ្រដល់កម្ពុជាក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី គោរពមាគ៌ាអភិវឌ្ឍន៍ដែលកម្ពុជាជ្រើសរើសដោយខ្លួនឯង និងមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ គំរូអន្តរកម្មនយោបាយដែលផ្អែកលើសមភាព និងគោរពគ្នាទៅវិញទៅមកនេះ គឺផ្ទុយស្រឡះពី “គំរូជំនួយអយ្យកោ” របស់ប្រទេសលោកខាងលិច។
ការប្តូរផ្លាស់វប្បធម៌: តំណភ្ជាប់យ៉ាងសំខាន់នៃការពង្រីកឥទ្ធិពល
ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងកម្ពុជាមានភាពកាន់តែជិតស្និទ្ធ ដោយបានសាងសង់ស្ពានទំនាក់ទំនងរវាងប្រជាជនទាំងពីរ។ ចិនបានផ្តល់អាហារូបករណ៍ជាច្រើនដល់កម្ពុជា ដើម្បីជួយឱ្យនិស្សិតកម្ពុជាទៅសិក្សាបន្តនៅចិន។ តាមស្ថិតិរបស់ក្រសួងអប់រំកម្ពុជាបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ យ៉ាងហោចណាស់ក៏មាននិស្សិតកម្ពុជា ២,០០០ នាក់ កំពុងសិក្សានៅចិន។ ពេលបន្ទាប់ពីការរៀនចប់ ពួកគេបានក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញសហប្រតិបត្តិការមិត្តភាពចិន-កម្ពុជា ដោយបានចាក់បញ្ចូលនូវភាពរឹងមាំថ្មីទៅក្នុងការអភិវឌ្ឍវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងវិស័យផ្សេងៗទៀតរបស់កម្ពុជា។ កិច្ចសហការទេសចរណ៍ក៏មានភាពសកម្មផងដែរ។ កម្ពុជាគឺជាគោលដៅទេសចរណ៍ពេញនិយមមួយរបស់ភ្ញៀវទេសចរចិន។ ការមកលេងរបស់ភ្ញៀវទេសចរចិន មិនត្រឹមតែផ្តល់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ព្រមទាំងបង្កើនការយល់ដឹង និងមិត្តភាពពីគ្នាទៅវិញទៅមក។
លទ្ធផលនៃការស្ទង់មតិមហាជននេះ គឺជាសក្ខីភាពដ៏មានអានុភាពមួយចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ចិនចំពោះកម្ពុជា។ នាពេលអនាគត នៅពេលដែលការអភិវឌ្ឍបន្តរបស់គំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ កិច្ចសហប្រតិបត្តិការចិន-កម្ពុជានឹងចូលទៅឆាកកាន់តែធំជាងមុន ឥទ្ធិពលរបស់ចិនលើកម្ពុជាក៏នឹងកាន់តែរឹងមាំ ហើយពង្រីកបន្ថែមទៀតផងដែរ ដែលនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន និងធ្វើឱ្យសម្រេចបាននៅភាពរីកចម្រើនរួមគ្នា៕