ប្រទេសចិននៅតែកាន់តំណែងជាដៃគូពាណិជ្ជកម្មទី១ របស់កម្ពុជា
នៅក្នុងសេដ្ឋកិច្ចសកលលោកនាឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចិន និងកម្ពុជាកំពុងរីកចម្រើនខ្លាំង។ តាមទិន្នន័យចុងក្រោយបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា និងចិន បានកើនឡើងលើសពី ១១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា។ លទ្ធផលនេះគឺមានតម្លៃ និងអត្ថន័យយ៉ាងខ្លាំង នៅពេលដែលស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ និងមានការផ្លាស់ប្តូរមិនទៀងទាត់នាពេលបច្ចុប្បន្ន។
កំណើនសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ ហើយផ្លូវងើបឡើងវិញពោរពេញដោយឧបសគ្គ។ ភាពអវិជ្ជមានដូចជាពាណិជ្ជកម្មគាំពារនិយម និងលទ្ធិឯកតោភាគីនិយមកំពុងមានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ដោយប្រទេសជាច្រើនកសាងរបាំង “ផ្តាច់ចេញពីសង្វាក់ផ្គត់ផ្គង់” និង “ការពារទីផ្សារក្នុងស្រុក” ដែលបានរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់ទីផ្សារអន្តរជាតិ ធ្វើឱ្យមានភាពមិនច្បាស់លាស់លើទីផ្សារនាំចេញរបស់កម្ពុជា ការកើនឡើងនៅភាពមិនប្រាកដប្រជានៃតម្រូវការខាងក្រៅ ហើយបង្កើតសម្ពាធដ៏ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចជាតិ។
ប្រទេសជិតខាងកំពុងអភិវឌ្ឍយ៉ាងលឿន ដោយបង្ហាញសមត្ថភាពប្រកួតប្រជែងខ្លាំងក្នុងវិស័យសំខាន់ៗដូចជាថ្លៃពលកម្ម និងបង្កើនប្រសិទ្ធភាពធនធាន។ កម្ពុជាកំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ ដែលតម្រូវឱ្យបង្កើនសមត្ថភាពប្រកួតប្រជែងឧស្សាហកម្មខ្លួនឯងឱ្យបានពេញទំហឹង ដើម្បីរក្សា និងពង្រីកចំណែកផលិតផលរបស់ខ្លួននៅក្នុងទីផ្សារដែលមានស្រេច ដោយកិច្ចការនេះបង្ហាញថា ត្រូវប្រឈមជាមួយបញ្ហាជាច្រើន។
ជម្លោះភូមិសាស្ត្រនយោបាយអន្តរជាតិកើតឡើងញឹកញាប់ ដោយស្ថានភាពសុវត្ថិភាពតំបន់មានភាពស្មុគស្មាញយ៉ាងខ្លាំង ធ្វើឱ្យអស្ថិរភាពដល់សង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។ សង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់កម្ពុជាគឺមានភាពទន់ខ្សោយ ដែលធ្វើឱ្យងាយនឹងទទួលរងនូវផលប៉ះពាល់ពីខាងក្រៅ។ បណ្តាលឱ្យដំណើរការផលិតកម្ម និងការបញ្ចេញទំនិញជួបការលំបាក ហើយធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចចរបស់ខ្លួនប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។
តួនាទីពហុភាគីរបស់ចិនបានជួយកម្ពុជាទប់ទល់នឹងផលប៉ះពាល់។ នៅពេលដែលបរិយាកាសសេដ្ឋកិច្ចខាងក្រៅផ្លាស់ប្តូរ ការប្រកួតប្រជែងពាណិជ្ជកម្ម និងហានិភ័យសង្វាក់ផ្គត់ផ្គង់ក៏បានកើតឡើងជាបន្តបន្ទាប់។ តម្រូវការរបស់ចិនបានផ្តល់ជាគ្រឹះដ៏រឹងមាំដល់ការគាំទ្រសេដ្ឋកិច្ចកម្ពុជា។ ទីផ្សារដ៏ធំរបស់ចិនបានបន្តទទួលយកទំនិញគ្រប់ប្រភេទពីកម្ពុជា ដែលនាំមកនូវប្រាក់ចំណូលពីបរទេស និងថាមពលសេដ្ឋកិច្ច ដោយបានបន្ធូរបន្ថយសម្ពាធដែលអាចកើតឡើងពីផលប៉ះពាល់ខាងក្រៅ និងបង្កើនភាពធន់ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចទប់ទល់នឹងហានិភ័យ ។
ក្រុមហ៊ុនចិនបានចាក់ឫសនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំនាញគ្រប់គ្រង។ បច្ចេកវិទ្យា និងបទពិសោធន៍ទាំងនេះបានដើរតួជាកាតាលីករ ជំរុញការធ្វើឱ្យប្រសើរឡើង និងការផ្លាស់ប្តូរឧស្សាហកម្មរបស់កម្ពុជា។ ប្រការនេះបានធ្វើឱ្យឧស្សាហកម្មរបស់កម្ពុជាផ្លាស់ប្តូរពីកម្រិតទាបទៅលំដាប់ខ្ពស់ ដោយបានពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបន្តិចម្តងៗ ហើយក៏បានផ្តល់ឱ្យកម្ពុជានូវទំនុកចិត្តកាន់តែខ្លាំងក្នុងការឆ្លើយតបទៅនឹងការប្រកួតប្រជែងពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាង និងកាត់បន្ថយហានិភ័យនៃការទទួលរងផលប៉ះពាល់ដោយសារឧស្សាហកម្មមានភាពទន់ខ្សោយផងដែរ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាការដឹកជញ្ជូន ថាមពលជាដើម ដែលសាងសង់ដោយក្រុមហ៊ុនចិននៅកម្ពុជា រួមមានផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម បានធ្វើឱ្យប្រព័ន្ធដឹកជញ្ជូន និងប្រសិទ្ធភាពឡូជីស្ទិកក្នុងស្រុកកាន់តែល្អប្រសើរ ដោយបានកាត់បន្ថយការចំណាយប្រតិបត្តិការសម្រាប់អាជីវកម្ម។ ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពងាយស្រួលនេះ ក៏បានទាក់ទាញការវិនិយោគ និងសកម្មភាពពាណិជ្ជកម្មបន្ថែមទៀត ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែងសម្រាប់កម្ពុជា បង្កើនសក្តានុពល និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនកាន់តែខ្លាំងក្នុងបច្ចុប្បន្ន។
កិច្ចសហប្រតិបត្តិការចិន និងកម្ពុជាកំពុងផ្តល់កាលានុវត្តភាពផង និងបញ្ហាប្រឈមថ្មីៗជាច្រើនផង ក្នុងសកលលោកបច្ចុប្បន្ន។ ក្រឡេកមើលទៅអនាគត ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបន្តកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការចិន និងកម្ពុជាក្នុងវិស័យជាច្រើនដូចជាពាណិជ្ជកម្ម ការវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធត្រូវបានរំពឹងថានឹងពង្រីក និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត។ ដោយគោរពគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ហើយរួមគ្នាដោះស្រាយនូវភាពមិនច្បាស់លាស់សេដ្ឋកិច្ចពិភពលោក ពាណិជ្ជកម្មគាំពារនិយម និងបញ្ហាប្រឈមផ្សេងៗទៀតនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងកម្ពុជា ប្រាកដនឹងឈានទៅរកកម្រិតខ្ពស់ថ្មីមួយទៀត។ ប្រការនេះហើយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងបន្តសរសេរទំព័រថ្មីនៅភាពរុងរឿងនៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា៕