រដ្ឋមន្រ្តីក្រសួងដែនដី យកចិត្តទុកដាក់គិតគូរស្វែងយល់បន្ថែមអំពីបញ្ហារៀបចំ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ

ការយកចិត្តទុកដាក់គិតគូរស្វែងយល់បន្ថែមអំពីបញ្ហារៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ និងបញ្ចៀសការកកស្ទះនាពេលខាងមុខ ដើម្បីធានាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ​ក្នុងរាជធានី​ភ្នំពេញ គឺជាប្រធានបទដែលលើកយកមកដាក់នៅក្នុងកិច្ចប្រជុំស្តីពីការ សិក្សាពីបញ្ហាសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់​មន្រ្តីចូលរួមក្នុងកិច្ចប្រជុំថា ការជួបជុំ គ្នានាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ អំពីបញ្ហានានាជុំវិញការរៀបចំទីក្រុងដែលនៅមានសេសសល់ច្រើន។

ឯកឧត្តមគូសបញ្ជាក់ថានេះមិនមែនជារឿងងាយស្រួលនោះទេ ។ដូច្នេះគ្រប់ គ្នាត្រូវត្រៀមខ្លួនជានិច្ច និងយកចិត្តទុក​ដាក់​រៀបចំយុទ្ធសាស្ត្រនានាឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងការរៀបចំរាជធានីភ្នំពេញឱ្យមាន​សណ្ដាប់ធ្នាប់​របៀប​រៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍នាពេលខាងមុខ។ ក្នុងនោះមាន ការរៀបចំសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋ​ដែល​រស់​នៅលើប្រឡាយ ការដោះ ស្រាយបញ្ហាសំណង់នៅលើចិញ្ចើមផ្លូវ ឬដងផ្លូវ ដែលអាចបង្កការកកស្ទះ ការរៀប​ចំរង្វង់មូលចរាចរណ៍ បំពាក់ភ្លើងស្តុបចរាចរណ៍បន្ថែម ធ្វើយ៉ាងណា ធានាបាននូវការធ្វើចរាចរណ៍ដោយរលូន​នៅលើ​ដងផ្លូវ ធានាបាននូវសុខភាព ផ្លូវកាយផ្លូវចិត្តរបស់អ្នកធ្វើដំណើរតាមដងផ្លូវនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការសិក្សាអំពីបញ្ហាសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ គឺជាបញ្ហាសំខាន់​មួយ​ក្នុងគោលបំណង ដើម្បីប្រមូល បានព័ត៌មានទាក់ទិនទៅនឹងសណ្ដាប់ធ្នាប់ក្នុងទីក្រុង និងដើម្បីឱ្យក្រុមការងារ បាន​យល់ច្បាស់ពីអ្វីទៅដែលហៅថាការរៀបចំសណ្ដាប់ធ្នាប់ក្នុងទីក្រុង ហើយត្រូវផ្ដោតការយកចិត្តទុកដាក់ស្វែង​យល់​បន្ថែមលើបញ្ហានេះ និងត្រូវរួម គ្នាដោះស្រាយ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា កិច្ចការទាំងអស់នេះគឺសំដៅ ទៅលើការរៀបចំក្រុងនាពេលអនាគត។ ដូច្នេះយើងត្រូវកំណត់ចំណុច គោលនានា ដែលត្រូវដោះស្រាយក្នុងគោលនយោបាយរៀបចំក្រុង ។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដីបានសាកល្បងស្រង់ និងវាយ តម្លៃបញ្ហា​ប្រឈម នៅតាមបណ្តាទីប្រជុំជន​នៅរាជធានីភ្នំពេញដែលក្រុម ការងារបានពិនិត្យឃើញដូចជា៖១. សំណង់អគារចាស់​ទ្រុឌទ្រោម ,២. សំណង់មិន​រៀបរយ ដោយមានការតាំងទីលំនៅលើប្រឡាយទឹកកខ្វក់ លើចិញ្ចើមផ្លូវ លើចិញ្ចើមផ្លូវរថភ្លើង តាមបណ្តោយ​ច្រាំងទន្លេ និងលើអគារ សហកម្មសិទ្ធ ,៣.បញ្ហាដែលប៉ះពាល់ដល់សោភណភាពនិងសុវត្ថិភាព៖ ផ្ទាំងប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម ស្ថានីយនិងមណ្ឌលសន្និធិប្រេងឥន្ធនៈ និងឧស្ម័ន ប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងអ៊ិនធឺណិត អាជីវកម្ម​មិនរៀបរយ និងតំបន់បណ្តុំអាជីវកម្មចម្រុះ បញ្ហាសំរាម និងបញ្ហាលូ និងប្រឡាយទឹក កខ្វក់,៤. ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៖ ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ ប្រព័ន្ធបណ្តាញ ផ្លូវចរាចរណ៍ លំហសាធារណៈ និងចំណតរថយន្តនិងរថយន្តក្រុង និង៥. បញ្ហាទឹកជន់លិច។

រាល់គម្រោងនានាដែលទទួលបានក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នឹងលើកយកទៅពិភាក្សា​ជាមួយ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុវត្តបន្ត ៕

你可能还喜欢