ធនាគារជាតិ ចុះណែនាំប្រជាពលរដ្ឋ ពីរបៀបប្រើប្រាស់កម្ចីប្រកបដោយសុវត្តិភាព

ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុមានការរីកចំរើន ទន្ទឹមនេះក៏កើតមានហានិភ័យផងដែរដូចជា ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ (Facebook, Telegram, TikTok) ការលួចក្លែងបន្លំអត្តសញ្ញាណកម្ចីអនឡាញ កម្ចីក្រៅប្រព័ន្ធ

កម្ចីខុសច្បាប់ ការខ្ចីលុយពីចិន ការខ្ចីលុយពីអង្គការ ដែលប្រតិបត្តិការនៅក្រៅក្របខ័ណ្ឌច្បាប់ ហើយគិតអត្រាការប្រាក់ហួសហេតុ ឬប្រើល្បិចបង្ខិតបង្ខំ ដើម្បីប្រមូលបំណុល ដែលកំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន។

កម្ចីក្រៅប្រព័ន្ធដែលកំពុងរាតត្បាតនៅកម្ពុជានេះ បាននាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុល វ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋអាចប្រឈមមុខ នឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និង ប្រាក់ពិន័យខុសគោលការណ៍ហើយធ្ងន់ធ្ងរជាងនេះទៀតគឺទ្រព្យប្រជាជនទាំងអស់ត្រូវបានរឹបអូស ដោយពុំឆ្លងកាត់ ការសម្រេចពីតុលាការជាដើម។

ទាក់ទិនបញ្ហាហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។

ចាប់ពីដើឆ្នាំ២០២៥មក ធនាគារជាតិបានចុះក្រុងក្រចេះ ខេត្តក្រចេះ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីអប់រំប្រជាពលរដ្ឋកុំអោយចាញ់ឧបាយកលការឆបោកផ្នែក ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញតាមរយ: ការរៀបចំសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន»។ ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាពនិងចាំបាច់ ដែលធនាគារជាតិបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្ជៀបការយល់ដឹងនេះ ដល់ប្រជាជនតាមមូលដ្ឋាន កម្មករ-កម្មការិនីនៅតាមរោងចក្រ សិស្ស-និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករ ជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈសិក្ខាសាលានេះ បានអំពាវនាវអោយអ្នកចូលរួមទាំងអស់ កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត ដោយត្រូវចេះបែងចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីជាស្ថាប័នក្រៅច្បាប់ ។

កម្ចីជាមួយស្ថាប័នស្របច្បាប់ គឺខ្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំងច្បាស់លាស់ មានអត្រាការប្រាក់សមរម្យ និងស្របតាមច្បាប់ គិតអត្រាជាភាគរយប្រចាំឆ្នាំ អតិថិជនទទួលបានការ ការពារត្រឹមត្រូវ។

បន្ថែមពីនេះ ធនាគារជាតិក៏បានអនុវត្ត នូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និង សហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ ការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងតម្លាភាព និង ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។

លើសពីនេះ ធនាគារជាតិបានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រព័ន្ធ Smart Hotline Scam ពង្រឹងយន្តការដោះស្រាយបណ្តឹង, បង្កើតក្រុមការងារ រៀបចំយន្តការ ឯករាជ្យ ក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុល, និងលើកកម្ពស់ ចំណេះដឹង ផ្នែក ហិរញ្ញវត្ថុ ដល់អតិថិជន៕

你可能还喜欢